Covid-19

អភិបាលរាជធានី ណែនាំឲ្យអាជ្ញាធរ ជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ដល់ប្រជាពលរដ្ឋ ដោយពុំមាន ការរឹតត្បិត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំបេញ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ ។

យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “ដើម្បីអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅ បង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ អោយមានប្រសិទ្ធិភាព រដ្ឋាបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់អាជ្ញាធរ មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដូចខាងក្រោម៖

១. អាជ្ញារធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ ។

២. បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើចរាចរ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយទៅ ខណ្ឌមួយ ដោយសេរី គ្មានការហាមឃាត់ឡើយ៕

ដោយ៖ ដារាត់

To Top