Covid-19

អាវុធហត្ថរាជធានីភ្នំពេញ ២២៩នាក់ ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩! (វីដេអូ)

អាវុធហត្ថរាជធានីភ្នំពេញ ២២៩នាក់ ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន

អាវុធហត្ថរាជធានីភ្នំពេញ ២២៩នាក់ ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩!

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 15 មេសា 2020

ដោយប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ និងមិនទាន់មានសញ្ញាថមថយផងនោះ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈកម្មាធិការ។ គិតមកត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សមាជិកអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានចូលរួមបរិច្ចាគ គឺមានចំនួន២២៩នាក់ហើយ។

ការចូលរួមបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួន របស់អាវុធហត្ថរាជធានីភ្នំពេញ យ៉ាងផុសផុលនាពេលនេះ គឺនាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានបរិច្ចាគបៀវត្ស ផ្ទាល់ខ្លួនទាំងអស់ ស្មើនឹង២លាន៨សែន៦ម៉ឺន៥ពាន់រៀល ក្នុងមួយខែ រយៈពេល៧ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ និងអ្នកចូលរួម ជាបន្តបន្ទាប់ មានលោកឧត្តមសេនីយ៍ មេបញ្ជាការង លោកវរសេនីយ៍ នាយរងសេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ លោកអនុសេនីយ៍ជំនួយការ តាមការិយាល័យ មូលដ្ឋានខណ្ឌ និងនាយទាហាន នាយទាហានរង ពលទាហាន តាមបណ្តាការិយាល័យនិងកងឯកភាពចំណុះជាច្រើនរយរូប ដោយក្នុងនោះ មានអ្នកបរិច្ចាគប្រាក់បៀវត្សរ៍គោលទាំងអស់ មានអ្នកបរិច្ចាគមួយចំនួនខ្លះនៃប្រាក់បៀវត្សរ៍ រយៈពេល ៨ខែ, ៧ខែ, ៦ខែ, ៥ខែ, ៤ខែ និង១ខែផងដែរ។

ក្រៅពីការចូលរួមបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាង សកម្មអនុវត្ត នូវរាល់បទបញ្ជា រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជម្ងឺឆ្លង ព្រមទាំងបានចូលរួម ជាមួយអជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយ នូវសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ជូនដល់មហាជនប្រជាជន តាមបណ្តាភូមិសង្កាត់ គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ តាមរយៈរៀបចំម៉ូតូង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿង បំពងឃោសនៈស័ព្ទ ចុះផ្សព្វផ្សាយរាល់ថ្ងៃ៕

To Top