ព័ត៌មានជាតិ

កូវីដ១៩ ៖ អភិបាលខណ្ឌបឹងកេងកង ច្រានចោល នូវព័ត៌មានក្លែងក្លាយ នៃការផ្អាកដំណើរការ សង្កាត់បឹងកេងកង១

ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចុះធ្វើការផ្សព្វផ្សាយ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលថាមានការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសង្កាត់បឹងកេងកង១ រហូតដល់មានការផ្អាក ដំណើរការសង្កាត់នេះតែម្តង ។

យោងតាមបណ្តាញសង្គម រដ្ឋបាលខណ្ឌបឹងកេងកង បានអោយដឹងថា រដ្ឋបាលខណ្ឌបឹងកេងកង សុំធ្វើការច្រានចោលទាំងស្រុង នូវពត៌មានទាំងនេះ ហើយសូមធ្វើការអះអាងថា មិនមានការបិទ ឬផ្អាកដំណើរការសង្កាត់បឹងកេងកងទី១នោះទេ។

រដ្ឋបាលខណ្ឌបឹងកេងកង ក៏បានធ្វើការអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ កុំជឿលើព័ត៌មាន-របស់ជនអគតិមួយចំនួន ដែលមានចេតនាអាក្រក់ បង្កចលាចលក្នុងពេលដ៏លំបាកមួយនេះ និងសូមអោយមានការជឿជាក់ លើការផ្សព្វផ្សាយ ព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសលើផេកផ្លូវការ របស់ក្រសួងសុខាភិបាលតែមួយគត់ ដែលជាប្រភពព័ត៌មានផ្លូវការ អំពីជំងឺកូវីដ-១៩នេះ ។

រដ្ឋបាលខណ្ឌ ក៏បានជំរុញ អោយប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ប្រកបអាជីវកម្មជាធម្មតា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាអនាម័យ អោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

To Top