ព័ត៌មានជាតិ

ស្ត្រីម្នាក់រៀន បើកបររថយន្ត ជ្រុលបុកបង្កាន់ដៃស្ពាន ធ្លាក់ក្នុងអាងទឹកត្រពាំង ថ្ម

​បន្ទាយមានជ័យ​៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយថយរថយន្តបុកបង្កាន់ដៃស្ពាន បាក់ធ្លាក់ចូលក្នុងអាងទឹកត្រពាំងថ្ម។ ហេតុការណ៍បង្កឲ្យមានការផ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០ ចំណុចស្ពានទី១ រម្មនីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

​លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖មុនពេលកើតហេតុ មានឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ  រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក  ខេត្ត បន្ទាយមានជ័យ បានឲ្យប្តីឈ្មោះលាង ភាឡៃ ភេទប្រុស  អាយុ៣៦ឆ្នាំ បង្រៀនបើកបររថយន្ត ។នៅពេលបើកដល់ចំណុចកៀនស្ពានខាងលិច ដែលជាកន្លែងចំណោត រថយន្តបានថយក្រោយ ពេលនោះអ្នកបើកបានបញ្ចូលលេខ ទៅបុកប៉ះលេខថយក្រោយហើយជាន់ហ្វ្រាំង ច្រឡំរ៉ាបណ្តាលឲ្យរថយន្តមានល្បឿនខ្លាំងថយក្រោយ បុកអ្នកលក់ផ្លែឈូកនៅក្បែរបង្កាន់ដៃស្ពានរបួសធ្ងន់ រួចបន្តបុកបង្កាន់ដៃដែកស្ពានបាក់ធ្លាក់ចូល ក្នុងអាំងទឹករងរបួសទាំង២នាក់ប្តីប្រពន្ធ។

​លោកអធិការបានបញ្ជាក់ថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្ត្រីអ្នករៀនបើកបរឈ្មោះព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ(ជាប្រពន្ធ  របួសធ្ងន់បែកលើភ្នែកខាងឆ្វេង)ចំណែកប្តីអ្នកបង្រៀន ឈ្មោះ លាង ភាឡៃ ភេទ ប្រុស  អាយុ   ៣៦ របួសធ្ងន់បែកចិញ្ចើមឆ្វេង២នាក់ប្តីប្រពន្ធសម្រាកព្យបាល នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ចំពោះរថយន្តដែលបើកបរ ម៉ាកតូយូតាហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A.9331 ។ចំណែកស្ត្រីអ្នកលក់ផ្លែឈូកក្បែរបង្កាន់ស្ពានឈ្មោះសូ ស៊ីណា ហៅ វិត ភេទ ស្រី  អាយុ ២៩  ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំ ប៉ោយចារ  ភ្នំស្រុកខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី  ។រថយន្តនៅពេលនេះកំពុងតែស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

To Top