ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជនរងគ្រោះ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោម បក្ខពួកពីរនាក់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូ ឆក់ទូរស័ព្ទដៃជនរងគ្រោះ កាលពីវេលាម៉ោង១៩ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ចំណុចមុខផ្ទះលេខ១៥៥Eo ផ្លូវ១៩ ភូមិទី៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

អធិការនគរបាលខណ្ឌដូនពេញ លោកទៀង ច័ន្ទសារ បានអោយដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ ស ស្លាកលេខ 1FC 4833 មកអែបជនរងគ្រោះ ដែលកំពុងដើរនិយាយទូរស័ព្ទ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ ត្រូវបានកម្លាំងរបស់លោក ដែលកំពុងជិះល្បាតបង្ការ ទប់ស្កាត់បទល្មើស ដល់ចំណុចក្បែរនោះលឺហេតុការណ៍ ក៏បានអន្តរាគមន៍ ជិះដេញតាមជនសង្ស័យខាងលើ រហូតដល់ចំណុចផ្លូវ ៨៦ ភូមិ២២ សង្កាត់ស្រះចក ហើយឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ឡុង ចិន ភេទប្រុស អាយុ ២៧ឆ្នាំ ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកបានហក់ ចុះពីលើម៉ូតូ គេចខ្លួនចូលហ្វូង មហាជនបាត់ ។

បច្ចុប្បន្នត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ រកបក្ខពួក ដែលបានរត់គេចខ្លួន ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនីតិវិធីច្បាប់ ៕

To Top