Covid-19

ក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធ ធ្វើចត្តាឡីស័កកម្មករជាង១ពាន់នាក់ ដែលទើបត្រឡប់មក ពីស្រុកកំណើតវិញ

ភ្នំពេញ៖ កម្មកររោងចក្រដែលបានឈប់សម្រាកពេលចូលឆ្នាំ ហើយទើបវិលត្រឡប់ចូលធ្វើការវិញ ជាង១ពាន់នាក់ ត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក ដោយដាក់ឲ្យនៅដាច់ ដោយឡែកចំនួន១៤ថ្ងៃ នៅតាមមណ្ឌលត្រួតពិនិត្យ សុខភាពចំនួន ១០មណ្ឌល។

យោងតាមថគេហទំព័រហ្វេសប៊ុក របស់ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការ មណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាព កម្មកររោងចក្រ ដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ ។

លោកបន្តថា គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះ គឺដើម្បីការពារសុខភាពបងប្អូន កម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពបងប្អូនដែលបានឈប់នោះផងដែរ។
អ្នកនាំពាក្យរូបនេះគួសបញ្ជាក់ថា យើងរួមសហការគ្នា ត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១០១៨នាក់ ក្នុងនោះ៖

  • យកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រឹត២ វិទ្យាល័យជម្ពូវន្ត ទាំង ២១នាក់។ (សូមបញ្ជាក់អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ)។
  • ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវន្ត) ចំនួន ៣៨នាក់។
  • ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់។

ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ២កន្លែង ដោយបានពិនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៦០នាក់ផងដែរ។”

ជាមួយគ្នានោះផងដែរ លោក ហេង សួរ បានឲ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃច័ន្ទម្សិលមិញ កម្មករ២នាក់ត្រូវបានរកឃើញថា មានរោគសញ្ញានៃជំងឺកូវីដ-១៩ តែលោកមិនបញ្ជាក់លម្អិតឡើយ ដោយគ្រាន់តែប្រាប់ថា សំណាករបស់ពួកគេ ត្រូវបានយកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បើតាមលោកហេង សួរ ក្រៅពីកម្មករមានរោគសញ្ញាទាំង២នាក់នេះ កម្មករ កម្មការិនីដទៃទៀត គឺត្រូវដាក់ឱ្យដាច់ដោយពីគេរយៈពេល១៤ថ្ងៃសិន ដើម្បីបន្តតាមដានស្ថានភាពសុខភាព មុនអនុញ្ញាតឱ្យចូលបម្រើការងារ។

សូមបញ្ជាក់ថា កម្មករ កម្មការិនី ដែលធ្វើការក្នុងវិស័យកាត់ដេរ និង ដេរស្បែកជើងចំនួនជិត៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពី បន្ទាប់ពីទៅស្រុកកំណើត ក្នុងអំឡុងបុណ្យចូលឆ្នាំ ផ្ទុយពីបម្រាប របស់រដ្ឋាភិបាល។ នៅរាជធានីភ្នំពេញ មានកម្មករ កម្មការិនីប្រមាណជា១ម៉ឺន៥ពាន់នាក់ ត្រូវដាក់នៅដាច់ដោយឡែកពីគេ។ សម្រាប់រាជធានីភ្នំពេញ ក្រសួងការងារ និង អាជ្ញាធរពាក់ព័ន្ធបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហេង សួរ ក៏បានសំណូមពរដល់បុគ្គលគ្រប់ស្រទាប់វណ្ណៈទាំងអស់ សូមមេត្តាចងចាំក្នុងចិត្តថា ជំងឺកូវីដ-១៩ វាមិនមែនជារឿងរបស់អ្នកតែម្នាក់ឯងនោះទេ។ អ្នកអាចក្លាយជាភ្នាក់ងារ បំផ្លាញជីវិតអ្នកដទៃ ប្រសិនជាអ្នកមិនខិតខំ ការពារខ្លួនអ្នកកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ បើអ្នកមិនមែនជាអ្នកជំនាញ សូមអ្នកស្តាប់ការអំពាវនាវរបស់អ្នកជំនាញ និងរាជរដ្ឋាភិបាល។ បើអ្នកមិនបានជួយអ្វីដល់សង្គម សូមអ្នកកុំដាក់បន្ទុកបន្ថែមដល់សង្គម។ បើអ្នកមិនសូវសប្បាយចិត្តនឹងរងចាំអ្វីមួយនៅថ្ងៃនេះ សូមអ្នកដឹងថាអ្នកនៅជុំវិញអ្នកខ្លាចអ្នកប៉ុណ្ណាទេ៕

ដោយ៖បានធារ៉ូ

To Top