ព័ត៌មានជាតិ

ចូលរួមប្រយុទ្ធប្រឆាំង COVID-19 មេអាវុធហត្ថខណ្ឌច្បារអំពៅ ចុះចែកអង្ករ និងសាប៊ូ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ច្បារអំពៅទី២

ភ្នំពេញ ៖ លោក គិត សុផល មេបញ្ជាការ កងរាជអាវុធហត្ថ មូលដ្ឋាន ខណ្ឌច្បារអំពៅ និងភរិយា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងចែកសម្ភារៈមួយចំនួន ដែលមានអង្ករ អាល់កុល, និងសាប៊ូ ព្រមទាំងផ្សព្វផ្សាយ ស្តីពីការការពារ និងការរីករាលដាល នូវមេរោគ COVID-19 នៅសង្កាត់ច្បារអំពៅទី២ ។

លោកមេបញ្ជាការ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការសម្អាត និងអនាម័យឲ្យបានល្អ ដោយផ្អែកតាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រញាប់ទៅមន្ទីរពេទ្យ បើមានការសង្ស័យទាក់ទងនឹងជម្ងឺកូវីដ ១៩ ឬទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល។

លោកក៏សូមបងប្អូនថែទាំអនាម័យខ្លួនយើងជាប់ជាប្រចាំ ហើយចៀសវាងកុំនៅជុំគ្នាច្រើន យើងឧស្សាហ៍លាងដៃដោយសាប៊ូ ។ បញ្ហាមិនធ្ងន់ធ្ងរទេ តែបញ្ហាសំខាន់ គឺយើងមិនបានដើរលេងទៅណា ។ បើបងប្អូនមានបញ្ហាក្តៅខ្លួន សូមបងប្អូនប្រាប់អាជ្ញាធរភូមិ សមត្ថកិច្ច ហើយយើងត្រូវទៅពេទ្យភ្លាម បើបងប្អូនសង្ស័យថា អត់ស្រួល ពិសេសអ្នកមកពីក្រៅ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ច ។ សម្តេចតេជោ លោកយកចិត្តទុកដាក់ណាស់ គឺសម្តេចធ្វើយ៉ាងណាមិនអោយបងប្អូនរងគ្រោះដោយសារជំងឺ COVID-19 រាតត្បាតនេះទេ ។

លោកបន្តថា យើងមិនមែនការពារតែខ្លួនយើងនោះទេ គឺយើងការពារដល់គ្រួសារ ប្រពន្ឋ កូនយើង ពិសេសការពារដល់សហគមន៍យើង ។ ព្រោះជំងឺនេះឆ្លងលឿនណាស់ តែមិនធ្វើអោយស្លាប់នោះទេ បើយើងការពារអនាម័យបានល្អនោះ ។

លោកមេបញ្ជាការ បញ្ជាក់ថា អំណោយដែលយកមកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និង សាប៊ូម្សៅ ៣កញ្ចប់ផងដែរ ៕

To Top