ព័ត៌មានជាតិ

លោក កឹម សុខា ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះសម្ដចតេជោ ហ៊ុន សែន និងភរិយា

ភ្នំពេញ ៖ លោក កឹម សុខា បានផ្ញេីសារចូលរួមសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ជូនសម្ដេចតេជោនិងភរិយាចំពោះមរណភាពរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាមាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក កឹម សុខា បាន សរសេរ នៅ លេីគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៤ ឧសភា នេះថា «ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់សម្តេច និងជាមាតា បង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ»។

លោកបន្ដថា មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវ មរណទុក្ខដោយសេចក្តីសោកស្តាយជាមួយ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងសាច់ញាតិក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តី សង្វេគក្រៃលែង។ ភរិយាខ្ញុំ និងរូបខ្ញុំ សូមឧទ្ទិសបួង សួងសូមឲ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ទទួលនូវការរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត អំពីភរិយាខ្ញុំ និងរូបខ្ញុំ៕

To Top