Covid-19

រដ្ឋមន្រ្តីសុខាភិបាល អះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ពីរនាក់ ចុងក្រោយនោះ មានសុខភាពល្អ, នឹងជាសះស្បើយឆាប់ៗនេះ (វីដេអូ)

រដ្ឋមន្រ្តីសុខាភិបាល អះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ពីរនាក់ ចុងក្រោយនោះ មានសុខភាពល្អ

រដ្ឋមន្រ្តីសុខាភិបាល អះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ពីរនាក់ ចុងក្រោយនោះ មានសុខភាពល្អ ហើយនឹងជាសះស្បើយឆាប់ៗនេះ

បាន​បង្ហោះ​ដោយ Dap News Website នៅ ច័ន្ទ 11 ឧសភា 2020

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ ចំនួនពីរនាក់ចុងក្រោយគេ ដោយបច្ចុប្បន្នពួកគេទាំងពីរ ត្រូវបានផ្ទេរពីមន្ទីរពេទ្យថ្នាក់ខេត្ត ឲ្យមកសម្រាកព្យាបាល នៅមនន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញវិញនោះ រហូតមកដល់ពេលនេះ ពួកគេមានសុខភាពល្អ ហើយពួកគេ នឹងឆាប់បានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី“បច្ចុប្បន្នភាព ជំងឺកូវីដ១៩” នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង បានថ្លែងថា “ខ្ញុំព្រួយបារម្ភអំពីសុខភាពទាំងពីរនាក់នេះ ដូច្នេះខ្ញុំបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យនិងកំពង់ឆ្នាំង បញ្ជូនអ្នកជំងឺពីរនាក់នេះ មកកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មិនមែនបានសេចក្ដីថា នៅខាងនោះគេធ្វើអត់កើតទេ ប៉ុន្តែមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺជាមន្ទីរពេទ្យមួយ ដែលមានអ្នកឯកទេសច្រើន ដូច្នេះគេអាចពិគ្រោះ គេអាចផ្ដល់យោបល់គ្នា ដើម្បីធ្វើការថែទាំសុខភាពជូនគាត់ ឲ្យបានឆាប់ជារហ័ស ឥឡូវឃើញថាសុខភាពគាត់ថ្ងៃនេះល្អ ហើយសង្ឃឹមថានឹងអាច ជាសះស្បើយនឹងចេញពីមន្ទីរពេទ្យ ក្នុងពេលថ្ងៃមុខនេះ”។

លោកបញ្ជាក់ថា មូលហេតុដែលពួកគេទាំងពីរនាក់នោះ ព្យាបាលយូជាងគេ គឺដោយសារពួកគេទាំងពីរ មានជំងឺប្រចាំកាយ(ម្នាក់មានជំងឺទឹកនោមផ្អែមនិងម្នាក់ទៀតមានជំងឺផ្លូវចិត្ត) ដោយក្រុមគ្រូពេទ្យត្រូវធ្វើការតាមដាន ប្រើប្រាស់រយៈពេលយូរ ដោយជាក់ស្ដែងមិនមែនតែព្យាបាលជំងឺកូវីដ១៩តែមួយមុខ នោះទេ ត្រូវព្យាបាលជំងឺប្រចាំកាយរបស់ពួកគេផងដែរ។

ទាក់ទងជាមួយពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី ចង់ត្រឡប់មកកម្ពុជាវិញនោះ ក្នុងស្ថានភាពនេះ លោកបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យពួកគេមកវិញឡើយ ដោយលើកទឹកចិត្តឲ្យពួកគេ បន្តស្នាក់នៅទីនោះសិន។

លោកបន្ថែមថា “នេះជារឿងរបស់គាត់ទេ មកឬមិនមកជារឿងរបស់គាត់ ព្រោះយើងបានគោលការណ៍ ពីរាជរដ្ឋភិបាលរួចមកហើយ ពលរដ្ឋខ្មែរត្រូវមាន តែមានវិញ្ញាបនប័ត្រ បញ្ជាក់ថា គ្មានផ្ទុកមេរោគកូវីដ១៩ បានអនុញ្ញាតឲ្យមក ប្រទេសកម្ពុជាវិញ បន្ទាប់មកទៀតពេលគាត់មកដល់ភ្នំពេញហើយ យើងត្រូវឆែកទៀត ដោយអោយគាត់ធ្វើ ចត្តាឡឺស័ក ចំនួន១៤ថ្ងៃទៀត នៅសាលាជម្ពូរវ័ន ហើយពេលគាត់ត្រឡប់ទៅផ្ទះវិញ ត្រូវបន្តដាក់ខ្លួនអោយ នៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្ថែមទៀត ព្រោះប្រទេសម៉ាឡេស៊ី គឺជាកន្លែងមួយដែលមានហានិភ័យខ្ពស់ ដូច្នេះគាត់អត់មកវាជារឿងល្អហើយ តែបើគាត់មកក៏ត្រូវតែបំពេញកាតព្វកិច្ចនេះជាដាច់ខាត”។

ទាក់ទងជាមួយបញ្ហានេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំឲ្យចូលពិសាអាហារតាមភោជនីយដ្ឋាន អាហារដ្ឋានណា ដែលគ្មានអនាម័យគ្រប់គ្រាន់ ដែលមិនបានគោរពតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

លោកបន្តថា “រៀបចំភោជនីយដ្ឋាន ដើម្បីធ្វើយ៉ាងម៉េច ឲ្យកន្លែងអង្គុយឆ្ងាយ កុំឲ្យនៅជិតគ្នា នេះជាសេចក្ដីណែនាំ ប៉ុន្តែខ្ញុំលើកទឹកចិត្តបងប្អូនណា ដែលទៅទទួលទាននេះ បើឃើញកន្លែងហ្នឹងមិនស្អាត មិនគ្រប់គ្រាន់ កុំទៅហូប កាលណាយើងឃើញថា បើគ្មានអនាម័យ គ្មានអីត្រឹមត្រូវ កុំទៅហូប មិនទៅទទួលទានវាងាប់ខ្លួនវា ពីព្រោះលក់មិនដាច់ យើងត្រូវប្រុងប្រយ័ត្នខ្លួនយើង ព្រោះសុខភាព សុខភាពខ្លួនយើង”។

ទាក់ទងជាមួយការរៀបចំអាពាហ៍ពិពាហ៍លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា កុំទាន់អាលប្រារព្ធធ្វើសិនគឺជាការល្អ។

លោកស្រីបន្ថែមថា “ប្រសិនបើយើងប្រកបការរស់នៅរបស់យើង រាល់ថ្ងៃនេះ យើងត្រូវបោះជំហ៊ាន របស់យើងហ្នឹងឲ្យត្រូវ បើមិនត្រូវទេជំពុបជើងដួល បើមិនត្រូវទេប៉ះទៅហ្នឹងវីរុសដែលអាចបង្ករឲ្យមានរលកទីពីរ កើតមានឡើង ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ជូនថា ការៀបអាពាហ៍ពិពាហ៍ ក្ដីការប្រារព្ធនូវពិធីអីផ្សេងៗក្ដី ប្រសិនបើអាចពន្យាពេលបានជាការល្អប្រសើរមែនទែន ដោយសារយើងទុករយៈពេលប្រហែលជាពីរបីខែទៀត យើងតាមមើលស្ថានភាពនៅសកលលោកពីព្រោះឥឡូវ ប្រទេសមួយចំនួនក៏មានការថយចុះហើយ តែប្រទេសមួយចំនួនធំទៀតនៅតែបន្តឡើង”។

ចំណែកលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា(WHO)បានអះអាងថា ការផ្ទុះរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅមិនទាន់ចប់នៅឡើយទេ ខណៈប្រទេសមួយចំនួនធំនៅលើពិភពលោក នៅតែមានការកើនឡើងនូវជំងឺកូវីដ១៩នេះ ហើយកម្ពុជា នៅតែប្រឈមជាមួយការឆ្លងដដែល។

លោកស្រីបន្ថែមថា “ដូចដែលឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍អប្បាញ់មិញហើយថា ការរាតត្បាត ជាសកលនៃជំងឺកូវីដ១៩នេះ គឺមិនទាន់ចប់នៅឡើយទេ ដរាបណានៅមានករណីថ្មីៗដែលបានរីកឡើង នៅក្នុងប្រទេសផ្សេងៗនិងតំបន់ផ្សេងៗ នៅក្នុងពិភពលោក ហើយបញ្ហានេះ គឺនៅតែជាបញ្ហាប្រឈម សម្រាប់ប្រទេសកម្ពុជាដដែល”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានទទួលថវិការពីសប្បុរសជន បានចំនួន១៤លានដុល្លារ ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ហើយបច្ចុប្បបន្នក្រសួង បានប្រើប្រាស់ថវិកា អស់ប្រមាណជាង៧លានដុល្លារ ដើម្បីទិញសម្ភារនានា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩នេះ ផងដែរ៕

ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×