Covid-19

សម្តេចតេជោ ក្រើនរំលឹក មិនឲ្យពលរដ្ឋប្រមូលផ្តុំគ្នាច្រើន ខណៈអ្នកកើតកូវីដ១៩ ជិត៥លាននាក់ ជុំវិញពិភពលោក

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាស់តឿបក្រើនរំលឹកឡើងវិញ ដល់ប្រជាពលរដ្ឋ កុំឲ្យប្រមូលផ្តុំគ្នាច្រើន ព្រោះជំងឺកូវី១៩ មិនទាន់ទៅណាឆ្ងាយទេ ក្នុងពេលដែលមានពលរដ្ឋ នៅទូទាំងពិភពលោក បានឆ្លងជាង ៥លាននាក់ហើយ ។ មកដល់ពេលនេះជាងមួយខែហើយ ដែលកម្ពុជា មិនទាន់រកឃើញអ្នកជំងឺនេះថ្មីទៀត ។

សម្តេចតេជោ លើកឡើងក្នុងបណ្តាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា ពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន គ្រប់វិនាទី កុំឲ្យឆ្លងរោគពីគេមកយេីង នឹងពីយេីងទៅគេ ។

សម្តេចបន្តថា “បេីចាំបាច់ ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា”។

សម្តេច បានបង្ហាញក្តីបារម្ភខ្លាំងបំផុត ព្រោះមកទល់ពេលនេះ ពិភពលោកមិនទាន់រកឃើញថ្នាំព្យាបាល ជំងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក កំពុងតែរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវបំផុតនេះ។

នាយករដ្ឋមន្រ្តី បានផ្តាំផ្ញើជនរួមជាតិឲ្យយកចិត្តទុកដាក់ខ្ពស់ លេីអនាម័យសុខភាពរស់នៅឲ្យបានល្អជាប្រចាំ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ ដេីម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា ៕

To Top