ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ ការគ្រប់គ្រង និងចាត់ចែង កោះកុងក្រៅ ជាសមត្ថកិច្ច រាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ការគ្រប់ គ្រង និងចាត់ចែងការងារ កោះកុងក្រៅ ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។
ប្រតិកម្មរបស់លោក សុខ ឥសានធ្វើឡើងក្រោយពី អង្គការមាតាធម្មជាតិ ចោទរាជរដ្ឋភិបាលថា ប្រគល់កោះកុងក្រៅ ទៅឲ្យក្រុមហ៊ុន លី យ៉ុងផាត់។

ថ្មីៗនេះ វិទ្យុអាស៊ីសេរី ចេញផ្សាយថា ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅកាត់ថា អាឡិច មើលឃើញ ថា រាជរដ្ឋាភិបាល អាចមានគោលដៅ២ ហើយរដ្ឋាភិបាលប្រគល់កោះកុងក្រៅ ទៅឲ្យក្រុម ហ៊ុនរបស់លោក លី យ៉ុងផាត់ អភិវឌ្ឍន៍។ បើទោះជាយ៉ាងណាក៏ដោយ អាឡិច មិនទុកចិត្ត ការអះអាងរបស់ ក្រសួងបរិស្ថាន ដែលថា នឹងដាក់កោះក្រៅ ជាតំបន់ការពារធនធានធម្ម ជាតិ។

ជាការឆ្លើយតបទៅនឹង អាឡិច លោក សុខ ឥសាន បានសរសេរសារនៅក្នុងតេឡេក្រាម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ថា ទឹកដី ព្រៃព្រឹក្សា ទន្លេបឹងបួរ ជាទ្រព្យសម្បត្តិរបស់ជាតិ ដែលគ្រប់គ្រងដោយ រាជរដ្ឋាភិបាល។

លោក បញ្ជាក់យ៉ាងដូច្នេះថា «ការគ្រប់គ្រង និងចាត់ចែង កោះកុងក្រៅ គឺជាសិទ្ធិ្ធ និងជា សមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជា។ជនបរទេស ដែលត្រូវបានដេញចេញពីកម្ពុជា គ្មាន សិទ្ធិអ្វីទាំងអស់។តំបន់ឆ្នេរនៅកោះកុង កំពុងអភិវឌ្ឍយ៉ាងច្រើន ប៉ុន្តែជនបរទេសម្នាក់ ប្រើសំដី តិរច្ឆានថា ជាការបំផ្លាញទៅវិញ»។

បន្ថែមពីនេះ អ្នកនាំពាក្យ រៀបរាប់ថា បណ្ដាញអង្គការ គ្រាន់តែជាសមាគម ឯកជន ដែលរួម ចំណែកជាមួយ រាជរដ្ឋាភិបាលប៉ុណ្ណោះ មិនមែនជាអ្នកគ្រប់គ្រងផ្ទាល់ទេ។លោកថា អង្គការ ដែលហៅថា មាតាធម្មជាតិ ត្រូវបានលុបចេញពីបញ្ជីរកម្ពុជាហើយ បើនៅតែបន្តធ្វើសកម្ម ភាពទៀត គឺខុសទៅនឹងច្បាប់ សមត្ថកិច្ចវិធានការរាល់ទង្វើខុសច្បាប់ របស់អង្គការនេះ។

សូមរំលឹកថា ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងឃុំ ជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ហើយ កោះកុងក្រៅ ត្រូវបានគេចាត់ទុកថា ជាកន្លែងទេសចរណ៍មួយ ដែលមានទេសភាពស្រស់ ស្អាតជាងគេ ស្ងប់ស្ងាត់ជាងគេ ដែលមានបណ្ដាយប្រវែង២១គីឡូម៉ែត្រ ទទឹង៧គីឡូម៉ែត្រ និងមានឆ្នេរស្រស់ស្អាត ៦កន្លែង ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top