ព័ត៌មានជាតិ

ខែឧសភា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគ ជាង១០០លានរៀល និងដុល្លារជាង១លាន

ភ្នំពេញ ៖ ខែឧសភា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ចំនួន១០៦ ៩២៨ ៥១១រៀល និង ១ ១២៤ ០៤៩ ដុល្លារ ពីសប្បុរសជនចំនួន ៦ ០០៣ រូប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០ ២០ បានឲ្យដឹងថា ក្នុងចំណោមថវិកាទាំងអស់ សម្រាប់ខែឧសភា មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានទទួលថវិកាពី សម្តេចតេជោ ហ៊ុន សែន បរិច្ចាគថវិកា ប្រចាំឆ្នាំ២០២០ ចំនួន ៥០ ០០០ ដុល្លារ និងកាកបាទក្រហមកម្ពុជា ប្រគល់វិភាគទានប្រចាំ ឆ្នាំលើកទី៣ ចំនួន ១ ០០០ ០០០ ដុល្លារ។

ប្រភពដដែល បន្ដថា ក្នុងខែឧសភា មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១ ០០០ ០០០ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការក្នុងការពិនិត្យ និងព្យាបាលកុមារមានជំងឺ នៅកម្ពុជា ប្រកបដោយគុណភាពឥតគិតថ្លៃ និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរ ការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់ សុខុមាល ភាពកុមារ និងទារកនៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាកំពុងទទួលរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ។

មូលនិធិគន្ធបុប្ផាកម្ពុជា បន្តអំពាវនាវដល់ សប្បុរសជនទាំងអស់ រួមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០រៀល ឬ ៥០០០ ដុល្លារ ក្នុង១ឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ រៀល ក្នុង១ខែ ឬ ៦០ ០០០ រៀល ក្នុង១ឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕ ដោយ អេង ប៊ូឆេង

To Top