ព័ត៌មានជាតិ

ទូតចិនប្រចាំកម្ពុជា ៖ ការនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារចិន ជួយសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺ កូវីដ-១៩

ភ្នំពេញ ៖ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ការនាំ ចេញផ្លែ ស្វាយកម្ពុជា ទៅកាន់ទីផ្សារចិន ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនប្រសើរឡើងវិញ ក្នុងពេលឆាប់ៗ ក្រោយទទួលរងផលប៉ះពាល់ ពីជំងឺឆ្លងសកល កូវីដ-១៩ ។

ក្នុងពិធីសារ ស្តីពី «លក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជា ទៅកាន់ប្រទេសចិន» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក Wang Wentain មានប្រសាសន៍ថា «ពិតណាស់ ការនាំ ចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរង នូវជំងឺឆ្លងសកលកូវីដ-១៩ ឲ្យមានកំណើន ប្រសើរ ឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុង មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់» ។

ឯកអគ្គរដ្ឋទូតចិន មានក្តីសង្ឃឹម និងជឿជាក់ថា តាមរយ:ពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការ នឹងចាប់យកកាលានុវត្តភាព ស្របតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបង្កើនផលិតភាព ផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ច របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថាពិធីសារលើការ នាំចេញផលិតផលកសិកម្មផ្សេងៗទៀតនឹងកើតមានឡើងជាបន្តបន្ទាប់ ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា តាមរយ:ការផ្លាស់ ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់ របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរ ដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយ អត្ថ ប្រយោជន៍ជាច្រើន អនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារ ដ៏មានសារសំខាន់មួយនេះ។

លោកបន្ដថា ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឲ្យតម្លៃ ផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុក បានកាន់ តែច្រើនថែមទៀត ។

បន្ថែមពីនេះ រដ្ឋមន្ដ្រីកសិកម្ម បានអំពាវនាវ ឲ្យវិស័យឯកជន ចូលរួម និងសហការ ឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃ ឲ្យបានជាប្រយោជន៍ ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួត ប្រជែងប្រកប ដោយកិត្តិយស និងកិត្តិនាម របស់ផលិតផលខ្មែរ លើឆាកអន្តរជាតិ ។

ក្នុងឱកាសនោះលោកវេង សាខុនបានអះអាងថា កម្ពុជា-ចិន បាននិងកំពុងពិភាក្សាអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវ និងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅធ្វើការអនុម័ត លើឯកសារសំណើនាំចេញ ម្រេច មៀនប៉ៃលិន ក្រូចថ្លុង ទុរេន និងទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សាប្រទេសចិន ។

លោកវេង សាខុន បានថ្លែងបន្ថែមថា រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតា នាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជា នាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិន ដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ។

លោកបញ្ជាក់ថា “ហើយពេលនេះ កម្ពុជា-ចិន បាននិងកំពុងពិភាក្សា អំពីពីនីតិវិធីនិងលក្ខខណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅធ្វើការអនុម័ត លើឯកសារសំណើនាំចេញ ម្រេច មៀនប៉ៃលិន ក្រូចថ្លុងទុរេននិងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថា កិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញ នាពេលឆាប់ៗខាងមុខនេះ”។

សូមរំលឹកថា តាមរយ:ការចរចា លើឯកសារពិធីសារនេះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ កម្ពុជា-ចិន បានធ្វើការពិភាក្សាគ្នា យ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារ ស្នើសុំរបស់ ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាម អនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃ ដែលត្រូវបានហាមឃាត់ ដោយភាគីចិន ៕ ដោយ៖ ធីលីថូ

To Top