ព័ត៌មានជាតិ

WHO ៖ ភាពកខ្វក់ នៅមន្ទីរពិសោធន៍ របស់ CDC និង ការខកខាន ធ្វើកិច្ចសហការជាអន្តរជាតិ នាំឱ្យអាមេរិក ជួបគ្រោះមហន្តរាយ ដោយកូវីដ១៩

ភ្នំពេញ ៖ អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយបាននិយាយថា វិធីដែលមានប្រសិទ្ធភាពបំផុត ក្នុងការការពារការឆ្លងមេរោគ និងជួយសង្គ្រោះជីវិត គឺការបំបែកច្រវ៉ាក់ នៃការចម្លងមេរោគ ។ ហើយដើម្បីធ្វើដូច្នេះបាន អ្នកត្រូវតែធ្វើតេស្ត និងដាក់នៅដាច់ ដោយឡែកពីគ្នា ។ អ្នកមិនអាចតតាំង នឹងអណ្តាតភ្លើង ដោយចងភ្នែកជិតឈឹងនោះទេ ។ ហើយយើងមិនអាចបញ្ឈប់ ជំងឺរាតត្បាតនេះបានទេ ប្រសិនបើយើងមិនដឹងថា អ្នកណាបានឆ្លងមេរោគ ។ យើងមានសារសាមញ្ញ សម្រាប់ប្រទេសទាំងអស់គឺ តេស្ដ តេស្ត តេស្ត។ នេះបើតាមទស្សនាវដ្តី Forbes បានសរសេរអត្ថបទមួយ កាលពីពេលថ្មីៗនេះ។

លោកថា នៅគ្រាដែលប្រធាន អង្គការ សុខភាពពិភពលោក បានធ្វើការកត់សម្គាល់ខាងលើ វាមានរយៈពេលជិតពីរ ខែចាប់តាំងពីសហរដ្ឋអាមេរិក បានរកឃើញករណីដំបូង នៃជំងឺកូវីដ១៩ ហើយនៅតែមិនអាចធ្វើទៅរួច ដើម្បីទទួលការធ្វើតេស្តរកមើល មេរោគកូរ៉ូណា នៅសហរដ្ឋអាមេរិក ។

ចំណែកកាសែត The New York Times បានរាយការណ៍ថា “នៅរដ្ឋញូវយ៉ក រដ្ឋកាលីហ្វ័រញ៉ា រដ្ឋវ៉ាស៊ីនតោន និងរដ្ឋម៉ាសសាឈូសេត កន្លែងដែលវីរុសកូរ៉ូណា រីករាលដាលយ៉ាងឆាប់រហ័ស និងតម្រូវការសម្រាប់ការធ្វើតេស្ត មានខ្ពស់បំផុតនោះ វាពិតជាពិបាក នឹងស្វែងរកការធ្វើតេស្ត ” លុះត្រាតែអ្នកឯង ជាអ្នកមានស្តុកស្តម្ភ មានទំនាក់ទំនង ជាមួយអ្នកមានអំណាចធំៗ ឬ ជាជនល្បីល្បាញខ្លាំង ។

នៅប៉ុន្មានសប្តាហ៍មុននោះ លោកត្រាំបានធានា ដល់ប្រទេសថាហានិភ័យ នៃការឆ្លងមេរោគនេះនៅសហរដ្ឋអាមេរិកគឺ “ទាបខ្លាំងណាស់” ព្រោះប្រទេសនេះបានបញ្ជាក់ករណីតែ៦០ នៅទូទាំងប្រទេសនៅចុងខែកុម្ភៈ បន្ទាប់ពីមានមនុស្ស តិចជាង ៥០០ នាក់ត្រូវបានធ្វើតេស្តរកកូវីដ១៩ ។
ការធ្វើតេស្តអាច រកបានតែនៅក្នុងមន្ទីរពិសោធន៍ សុខភាពសាធារណៈប៉ុណ្ណោះ ហើយលក្ខណៈវិនិច្ឆ័យសម្រាប់ ការធ្វើតេស្តត្រូវ បានរឹតត្បិតខ្លាំង ដូច្នេះសូម្បីតែមនុស្ស ដែលមានរោគសញ្ញាកូវីដ១៩ ច្បាស់ក្រឡែត និងបានប៉ះពាល់ជាមួយអ្នកជំងឺ ដែលគេស្គាល់អត្តសញ្ញាណ ហើយក៏ដោយ ក៏មិនអាចធ្វើតេស្តបានដែរ លើកលែងតែពួកគេបានធ្វើដំណើរទៅកាន់ប្រទេសណាមួយ ដែលមេរោគនេះកំពុងរីករាលដាលខ្លាំង ។

ដោយសារតែសេចក្តី រាយការណ៍ដោយកាសែត Axios និង The Washington Post យើងបានដឹងមូលហេតុ ដែលការធ្វើតេស្តនៅមាន កម្រិតខ្លាំងបែបនេះ ពីព្រោះមន្ទីរពិសោធន៍របស់ CDC នៅទីក្រុងអាត្លង់តា កន្លែងដែលឧបករណ៍តេស្ត កំពុងត្រូវបានបង្កើតឡើងនោះ មានភាពកខ្វក់ដោយសារសារធាតុពុល ។ ឧបករណ៍ធ្វើតេស្ត បានផ្តល់លទ្ធផលវិជ្ជមាន មិនពិតនៅលើទឹកបរិសុទ្ធ ពីព្រោះមេរោគកូរ៉ូណា បានបំពុលធាតុផ្សំ នៃឧបករណ៍តេស្តនោះទៅហើយ។

ដូចដែលកាសែត The Washington Post បានរាយការណ៍អ៊ីចឹង “ផ្នែកដែលមានបញ្ហា នៃការធ្វើតេស្តនោះគ្មានសារៈសំខាន់ ក្នុងការរកឱ្យឃើញវីរុសកូរ៉ូណានោះទេ ប៉ុន្តែបន្ទាប់ពីការលំបាកនេះ បានលេចចេញមកមន្រ្តីCDC បានចំណាយពេលជាងមួយខែ ដើម្បីដកវិធានការ មិនចាំបាច់នេះ ចេញពីឧបករណ៍ធ្វើតេស្ត…”។

ប្រសិនបើការ បំពុលឧបករណ៍តេស្ត នោះត្រូវបានចាត់ទុកជាភាព អាសន្ននោះប្រហែលជាគ្មានការពន្យារពេល ដកវិធានការនោះចេញទេ ។ ទោះបីឧបសគ្គរារាំងដល់ការដកចេញ នូវសមាសធាតុដែលមានជាតិពុលកខ្វក់ ក៏ដោយក៏សហរដ្ឋអាមេរិក នៅតែអាចកាត់បន្ថយផលប៉ះពាល់អាក្រក់បំផុត នៃមេរោគកូរ៉ូណា លើសុខភាពសាធារណៈ និងសេដ្ឋកិច្ចបានពីព្រោះCDC មិនមែនជាកន្លែងតែមួយនៅលើពិភពលោកទេ ដែលសហរដ្ឋអាមេរិកអាច ទទួលបានឧបករណ៍ធ្វើតេស្ត ។ ខណៈរឿងរ៉ាវទាំងអស់នេះ កំពុងកើតឡើងនៅសហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក បានចែកចាយឧបករណ៍ធ្វើតេស្ត ផលិតនៅទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ ដោយឥតគិតថ្លៃដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក ។

ទោះបីឧបករណ៍ទាំងនោះ ត្រូវបានស្នើសុំ ភាគច្រើន ដោយបណ្តាប្រទេសមានចំណូលទាប និងមធ្យមក៏ដោយ ក៏ប្រទេសណាៗក៏អាចស្នើសុំឧបករណ៍ ធ្វើតេស្តពីអង្គការសុខភាពពិភពលោក បានដែរសូម្បីតែប្រទេសដែលមានចំណូលខ្ពស់ ដូចសហរដ្ឋអាមេរិក ។ អាមេរិកមិនបានស្នើសុំឧបករណ៍ ធ្វើតេស្តទេ ។ មេរោគបានផ្ទុះឡើង។ ប៉ុន្តែប្រសិនបើមានរឿងមួយរាំងខ្ទប់ វិធីជួយសង្គ្រោះប្រទេសនេះ ពីជំងឺរាតត្បាតកុំឱ្យអាក្រក់ជាង បណ្តាប្រទេសផ្សេងទៀត វាប្រហែលជាមកពីអាកប្បកិរិយា “មានតែអញ” របស់ប្រទេសនេះ ។

កាលពីថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ លោកវេជ្ជបណ្ឌិត Sanjay Gupta បានសួរលោកវេជ្ជបណ្ឌិត Anthony Fauciប្រធានវិទ្យាស្ថានជាតិ អាឡែរស៊ី និងជំងឺឆ្លងអំពីការខកខាន របស់សហរដ្ឋអាមេរិក ក្នុងការស្នើសុំឧបករណ៍ធ្វើ តេស្តពីអង្គការ WHO ។ ទោះបីជាត្រូវបានចាត់ទុក ជាវីរបុរសម្នាក់ ដែលបានឆ្លើយតបនឹងជំងឺរាតត្បាតក្តី ក៏ប៉ុន្តែចម្លើយរបស់លោក Fauci ឆ្លុះបញ្ចាំងពីឥរិយាបថមួយ ដែលទុកឱ្យសហរដ្ឋអាមេរិកឆ្លងកូវីដ១៩ ខ្លាំងដូចសព្វថ្ងៃ។លោក Gupta បានសួរថា តើការមិនសុំឧបករណ៍ធ្វើតេស្តពី WHO ជាកំហុសឬទេ? តើយើងគួរប្រើឧបករណ៍តេស្តនោះឬអត់? បើអត់ មកពីមូលហេតុអ្វី?

លោក Fauci ឆ្លើយថា “លោកដឹងទេ Sanjay ខ្ញុំមិនប្រាកដថាវាជាកំហុសទេ ។ ប៉ុន្តែប្រាកដណាស់ លោកដឹងទេ ប្រសិនបើលោកក្រឡេកមើលទៅក្រោយវិញនៅព្រឹកថ្ងៃចន្ទនោះ វានឹងល្អប្រសើរ ដែលមានឧបករណ៍បម្រុង ។ ប៉ុន្តែអ្វីដែល CDC បានធ្វើអស់ជាច្រើនឆ្នាំ នៅពេលយើងមានរឿង បែបនេះកើតឡើង គឺត្រូវអភិវឌ្ឍឧបករណ៍ធ្វើតេស្តដោយខ្លួនឯង ដែលតែងតែ ជាការធ្វើតេស្ត ដ៏ល្អ និងដាក់វាឱ្យប្រើតាមរបៀប ដែលយើងហៅថាសុខភាពសាធារណៈ ដែលមានការណែនាំពោល គឺត្រូវប្រគល់វាទៅតាមមន្ទីរ សុខាភិបាលសាធារណៈទាំងអស់” ៕ ដោយ៖ស សំណាង

To Top