ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ផែនការសកម្មភាព ជាផ្នែកសំខាន់ នៃការខិតខំប្រឹងប្រែង ក្នុងកំណែ ទម្រង់រដ្ឋបាល សាធារណៈ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹង ថា ផែនការសកម្មភាព ប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ ជាផ្នែកសំខាន់មួយ នៃការខិតខំប្រឹងប្រែង ក្នុងកំណែទម្រង់រដ្ឋបាល សាធារណៈ ដែលជាស្ថាប័នថ្នាក់ កណ្ដាលបានដើរតួនាទីសំខាន់។

ក្នុងកិច្ចប្រជុំឆ្លងផែនការ សកម្មភាព ប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងមហាផ្ទៃ សម្តេច ស ខេង មានប្រសាសន៍ថា «ផែនការសកម្មភាពនេះ ជាផ្នែកសំខាន់មួយ នៃការខិតខំប្រឹងប្រែង ក្នុងកំណែ ទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្ថាប័នថ្នាក់កណ្ដាល បានដើរតួនាទីសំខាន់ ហើយប្រសិនបើរដ្ឋបាលមានភាព រឹងមាំបានន័យថា សកម្មភាពទាំងអស់ និងការបម្រើសេវាកម្ម ដល់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ» ។

សម្ដេចលើកឡើងថា ការធ្វើផែនការលើកដំបូង មិនទាមទារភាពល្អឥតខ្ចោះឡើយ ប៉ុន្តែដើម្បីប្រមូល ស្វែងរកបញ្ហាផ្សេងៗ យកមកពិភាក្សា និងបន្តបែងចែកការងារនានា។

ក្នុងកិច្ចប្រជុំនេះផងដែរ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ផែនការសកម្មភាពនេះជាផែនទីដ៏ជាក់លាក់មួយ ក្នុងការអនុវត្តសកម្មភាព របស់អគ្គនាយកដ្ឋានរដ្ឋបាល និងផ្ដោតសំខាន់ទៅលើការ គាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារ ដែលបានប្រគល់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងមូលដ្ឋាន និងការលើកកម្ពស់សេវា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ដែលបានកំណត់។

គួរជម្រាបជូនថា ផែនការសកម្មភាពអនុវត្តឆ្នាំ២០២០ គឺជាឧបករណ៍សម្រាប់អនុវត្តផែនការ យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងជាវិធានការ ក៏ដូចជាដំណោះស្រាយ ក្នុងការឆ្លើយតប នឹងបញ្ហាប្រឈមនានា ។

ផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវា និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ៕

ដោយ ៖ អេង ប៊ូឆេង

To Top