ព័ត៌មានជាតិ

វិភាគ: ទាហានចិន និងឥណ្ឌាប្រយុទ្ធគ្នាដោយ កម្លាំងបាយបណ្តាល អោយស្លាប់ និងរបួស

 បច្ចុប្បន្នភាព

កងកម្លាំងយោធា របស់ប្រទេសចិន និងឥណ្ឌាបានពើបប្រយុទ្ធគ្នាដោយ ប្រើកម្លាំងបាយ កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនានេះ នៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ ដោយប្រើកណ្តាប់ដៃដាល់គ្នា វាយដោយដំបង និងគប់ដុំថ្ម ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរ មិនបានប្រើអាវុធទេ ទោះបីជាមានសព្វាវុធ គ្រប់ធុនក្នុងដៃក៏ដោយ ។

ការប្រយុទ្ធគ្នារវាងកងទ័ពនៃ ប្រទេសមហាអំណាច នុយក្លេអ៊ែរទាំងពីរ ត្រូវបានធ្វើឡើងនៅតំបន់ ស ឬតំបន់ព្រំដែនមិនទាន់ដាច់ស្រេច ដែលនៅខាងឥណ្ឌាជាប់តំបន់កាស្មៀរ និងនៅខាងចិនជាប់ស៊ីនជាំង​និងទីបេ ដោយកងកម្លាំងយោធានៃប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទឈ្លានពានចូលទឹកដីរបស់ខ្លួន ។

ចំណុចដែលគួរអោយចាប់អារម្មណ៍ គឺកងទ័ពនៃប្រទេសទាំងពីរ មិនបានប្រើប្រាស់អាវុធទេ ដោយប្រយុទ្ធគ្នាដោយប្រើកណ្តាប់ដៃ ដុំថ្ម និងដំបង ទោះបីជាកងកម្លាំងយោធានៃប្រទេសទាំងពីរ មានអាវុធគ្រប់ដៃ និងមានគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ និងធុនស្រាលគ្រប់ប្រភេទទាំងសងខាងក៏ដោយ ។

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ការប្រយុទ្ធគ្នាដោយកម្លាំងបាយរវាងកងទ័ពនៃប្រទេសទាំងពីរ បណ្តាលអោយកងទ័ពរបស់ប្រទេសឥណ្ឌាចំនួន២០នាក់ បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានចុះផ្សាយថា ទាហានចិនចំនួន៤៣នាក់ បានស្លាប់ និងរបួសផងដែរក្នុងការប្រយុទ្ធគ្នានេះ ។

ភាពតានតឹងនៅព្រំដែនរវាងចិន និងឥណ្ឌា បានឡើងប៉ោងខ្លាំងចាប់តាំងពីដើមខែឧសភាកន្លងមក ដោយទាហានរបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរប្រចាំតំបន់ទាំងពីរ បានប្រឈមមុខដាក់គ្នាជាញឹកញយ និងបាននាំគ្នាបញ្ជូនកម្លាំងទ័ពបន្ថែមជាច្រើនពាន់នាក់ទៀតទៅកាន់តំបន់ព្រំដែន ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារភាគីទាំងពីរបានសន្យាដោះស្រាយវិបត្តិដោយសន្តិវិធីនិងតាមផ្លូវការទូត ដែលក្រោយកិច្ចចរចាថ្នាក់ឧត្តមសេនីយ៍កាលពីជាង១០ថ្ងៃមុន ឥណ្ឌានិងចិន បានផ្តើមដំណើរការដកកងទ័ពរៀងៗខ្លួនពីជួរមុខ ។

ហើយគឺក្នុងដំណើរការដកកងទ័ពបន្ធូរបន្ថយភាពតានតឹងនេះឯង ដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើង បង្កឱ្យនាយទាហានស្លាប់ និងរងរបួសរៀងខ្លួន ហើយមេដឹកនាំយោធាជាន់ខ្ពស់ទាំងពីរ កំពុងជួបចរចាគ្នានៅពេលនេះដើម្បីបន្ធូរបន្ថយសម្ពាធ ។

សូមបញ្ជាក់ថា ឥណ្ឌានិងចិន មានជម្លោះព្រំដែនតាមបណ្តោយជួរភ្នំហេមពាន្ត ដោះស្រាយមិនចេញតាំងពីយូរមកហើយ ដែលការប៉ះទង្គិចគ្នាដោយហិង្សា តែងកើតឡើងជាញឹកញយ និងកាន់តែធ្ងន់ធ្ងរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ប៉ុន្តែគិតចាប់តាំងពីឆ្នាំ១៩៧៥មក ចិននិងឥណ្ឌាពុំដែលមានករណីប្រើអាវុធ ឬគ្រាប់កាំភ្លើងផ្ទុះដាក់គ្នាទេ នៅព្រំដែនទេ។ ជម្លោះព្រំដែន រវាងមហាអំណាចជាប្រទេសជិតខាងគ្នា លើកចុងក្រោយបំផុតប្រព្រឹត្តទៅនៅឆ្នាំ១៩៦៧ ក្នុងទម្រង់ជាសង្គ្រាមប្រដាប់អាវុធមួយឆាបដែលទាហានឥណ្ឌាប្រយុទ្ធចាញ់ទាហានចិន ៕ ដោយៈ អ៊ិន ជិន

To Top