ព័ត៌មានជាតិ

រាជរដ្ឋាភិបាល អនុញ្ញាតិ ឲ្យពលរដ្ឋវៀតណាម ចេញចូលកម្ពុជា ឡើងវិញ តែត្រូវអនុវត្ត តាមវិធានការណែនាំ របស់ក្រសួង សុខាភិបាល

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចនិរាករណ៍ សេចក្ដីសម្រេច ស្ដីពីការផ្អាក ជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលកម្ពុជា ដោយ ពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាម ដោយពលរដ្ឋកម្ពុជា។

យោងតាមលិខិត របស់ក្រសួងការបរទេសខ្មែរផ្ញើជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា «ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន សម្ដេចក្រឡាហោម មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកាបរទេស ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរ ចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀត ណាម និងការធ្វើដំណើរ ចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស» ។

លោកបន្ដថា ចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជា នឹងអនុវត្តសេចក្ដីប្រកាសចុង ក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្ត កន្លងរួចមកហើយជាមួយ ប្រទេសដទៃទៀត ដោយ អនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាម អស់ទាំងនោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។

ជាងនេះទៅទៀត លោករដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស បញ្ជាក់ថា ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹង ទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រមតាមអនុក្រឹត្យ ស្ដីពី បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្ដោប្រវេសន្ដ ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។

សូមរំលឹកថាក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជា ក្រសួងការបរទេស បានផ្ញើលិខិតផ្លូវការមួយ ទៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា បញ្ជាក់ពីការបិទព្រំដែនបណ្ដោះអាសន្ន មិនអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ឡើយចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ ៕ដោយ៖ អេង ប៊ូឆេង

To Top