ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ប្រគល់អំណោយ ជូនប្រជាការពារខណ្ឌទាំង១៤

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើការចែកអំណោយ ដល់ប្រជាការពារខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការយ៉ាងល្អ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ទាំងពីរប្រភេទ ដែលមានប៉ូលិស និងកងរាជអាវុធហត្ថ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។

ថ្លែងក្នុងពិធីប្រគល់អំណោយ ជូនបងប្អូន ប្រជាការពារខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដែលបានធ្វើឡើង ក្រោមវត្តមាន លោក ហ៊ុន ម៉ានី ព្រមជាមួយ លោក ស សុខា លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាការពារ បានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងស្នូល ដែលពីដើមឡើយ ពោលគឺក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិ គឺជាកម្លាំងស្ម័គ្រចិត្ត ដែលមិនយកប្រាក់ខែនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន កម្លាំងប្រជាការពារ ត្រូវបានបញ្ចូលជាបុគ្គលិក ជាប់កិច្ចសន្យា ដែលមានប្រាក់បៀវត្ស ចំនួន៦៥ម៉ឺនរៀល ។

លោក ឃួង ស្រេង បានបន្តទៀតថា “ការផ្ដល់នូវអំណោយ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ការពាររបស់យើងនាពេលនេះ គឺជាការគិតគូរ ពីជីវភាពរស់នៅ របស់បងប្អូន ពីសំណាក់រាជរដ្ឋាភិបាល”។

ក្នុងឱកាសនោះ លោកក៏បានស្នើឱ្យប្រជាការពារ បន្តការផ្សព្វផ្សាយ ពីការទប់ស្កាត់នូវជំងឺកូវីដ–១៩ ដោយអនុវត្ត ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ ។

រួមជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ផងដែរថា “ការទប់ស្កាត់ជំងឺកូវីដ–១៩ វាគឺជារឿងរបស់យើងទាំងអស់គ្នា។ ការទប់ស្កាត់បាននូវជំងឺកូវីដ–១៩ ដោយមិនបាន ធ្វើឲ្យមានមនុស្សស្លាប់នៅកម្ពុជា គឺជាការបង្ហាញពីភាពជោគជ័យ របស់កម្ពុជា ខណៈដែរប្រទេសមួយចំនួន អនុវត្តមិនទាន់បានល្អប្រសើរ ដូចប្រទេសយើង។ ប៉ុន្តែទោះបីយ៉ាងណាក្តីយើងមិនអាចមើលស្រាលនោះទេ ។ ដូច្នេះទេសូមបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្តលើកកិច្ចការពារ ការឆ្លងនៃជំងឺនេះ” ។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែង បំពេញការងារដោយមិនថា ក្តៅឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណា រក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយនៅពេលមាន បញ្ហាអ្វីមួយកើតឡើង ប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់ នៅព្រឹត្តិការណ៍ទាំងនោះ ។

លោក បានមានប្រសាសន៍ថា “ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនេះ បងប្អូនប្រជាការពារ បានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រហូតដល់ ត្រូវក្រុមអគតិមួយចំនួន ប្រើអំពើហិង្សា វាយបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ជាច្រើននាក់ទៀតផង ។ នេះជារឿងមួយដែលតម្រូវឲ្យបងប្អូន ប្រជាការពារ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកិច្ចការងាររបស់ខ្លួន”៕

To Top