ភ្នំពេញ ៖ ក្រុមហ៊ុនឯកជនបី បានរួមគ្នារៀបចំយុទ្ធនាការ បរិច្ចាគឈាម ដែលមានទ្រង់ទ្រាយធំជាងគេ ក្នុងរយៈ៥ខែចុងក្រោយ ដើម្បីប្រមូលឈាម ជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់ ខណៈដែលចំនួនអ្នកបរិច្ចាគឈាម មានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើង ។
ក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. ក្រុមហ៊ុន N.V.C Corporation Co., Ltd. និងក្រុមហ៊ុន One More Manufacturing Co., Ltd. បានសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល រៀបចំការបរិច្ចាគឈាម កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករ ក្រុមហ៊ុនប្រមាណ១៥០នាក់ ។
លោកស្រី ជឹង សុគន្ធាវី នាយកប្រតិបត្តិ នៃក្រុមហ៊ុនទាំងបី បានមានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញឲ្យមានការចូលរួមបរិច្ចាគឈាម ជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាម ជាចាំបាច់ នៅតាមមន្ទីរពេទ្យនានា ។ លោកស្រីបានបន្ថែមថា “អំណោយឈាម ជាអំពើដ៏វិជ្ជាមានប្រសើរបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ សកម្មភាពនេះ ស្តែងឲ្យឃើញពីការធ្វើទាន ឬកុសលដ៏ធំធេង ។”
លោកស្រីនាយកប្រតិបត្តិ ក៏បានអំពាវនាវឲ្យបងប្អូនបុគ្គលិក កម្មករ និងប្រជាពលរដ្ឋទូទៅ យល់ដឹងឲ្យច្បាស់ អំពីការផ្តល់បរិច្ចាគឈាម និងរួមគ្នាធ្វើការបរិច្ចាគ ដោយការស្ម័គ្រចិត្ត និងក្តីរីករាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានអោយដឹងថា “ នៅថ្ងៃនេះ យើងបានប្រមូលឈាមចំនួន១១២ប្លោកដែលនេះជាការបរិច្ចាគឈាមច្រើនជាងគេក្នុងរយៈពេល៥ខែចុងក្រោយ ក្នុងអំឡុងពេលកូវីដ១៩ ក្នុងនោះមានអ្នកបរិច្ចាគឈាម សរុប១២៨នាក់”។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានកក់ត្រាទុក នូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ និងសម្តែងអំណរគុណ ជាអនេកកប្បការ ចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវឲ្យមានការគាំទ្របន្តទៀត ។
គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំងបី ដែលមានក្រុមហ៊ុន N.V.C Corporation Co., Ltd. ក្រុមហ៊ុន One More Manufacturing Co., Ltd. និងក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសជាច្រើន ក្នុងនោះ មានដូចជាការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើន ៕