ព័ត៌មានជាតិ

ក្រសួងពន្យារពេល ៣ខែទៀត ចំពោះការផ្ទេរកម្មសិទ្ធិ យានយន្តរកម្ចាស់ដើម មិនឃើញ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្រកាសពន្យារពេល៣ខែបន្ថែមទៀត ចំពោះការផ្ទេរកម្មសិទ្ធិយានយន្តដែលបាន ទិញ-លក់បន្តគ្នា រកម្ចាស់ដើមមិនឃើញ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០។

នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការនៅថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០។

ការសម្រេចពន្យារពេលនេះ ដើម្បីឲ្យម្ចាស់យានយន្ត ដែលបានទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញអាចដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ យានយន្តមកជា របស់ខ្លួនបាន។ 

សម្រាប់អ្នកដែលកំពុងកាន់កាប់យានយន្តដែលទិញលក់តៗគ្នា រកម្ចាស់ដើមមិនទាន់ឃើញដែលមាន បំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរ កម្មសិទ្ធិយានយន្ត ដោយភ្ជាប់នូវសំណុំឯកសារមួយចំនួន ដូចជា៖ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ មានផ្តិតមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់( តួ ឫសាក់ស៊ី) ដែលចម្លងដាក់ជាក់ស្ដែងពីយានយន្ត។

ប័ណ្ណសម្គាល់ (ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី ខេត្ត) ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ,អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ពលរដ្ឋខ្មែរត្រូវមាន អត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច, ជនបរទេសត្រូវ លិខិតឆ្លងដែន និងទិដ្ឋការមានសុពល ភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់-ទិញ ,កិច្ចសន្យាធានា ដែលបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕ដោយ៖ធី លីថូ

To Top