ព័ត៌មានជាតិ

សិប្បកម្មផលិត ពពុះសណ្តែក៧ទីតាំង នៅស្រុកខ្សាច់កណ្តាល ត្រូវបានផ្អាក បណ្តោះអាសន្ន

កណ្តាល ៖ បន្ទាប់ពីក្រុមការងារ ចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារ ក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញពពុះសណ្តែក ដែលមានផ្ទុកសារធាគីមីបូរ៉ាក់ ចំនួន ២០.៥ គីឡូក្រាម ។ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើកំណត់ហេតុដកហូត និងបើកការស្រាវជ្រាវ ស៉ើបអង្កេត ស្វែងរកប្រភព ទីតាំងផលិតពពុះសណ្តែកខាងលើ ជាលទ្ធផលតាមរយៈការសាកសួរអាជីវករ បានឆ្លើយថាគាត់បានទិញផលិតពពុះសណ្តែកនេះ ពីសិប្បកម្មដែលមានទីតាំង នៅក្នុងទឹកដី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជាលទ្ធផលមន្រ្តីជំនាញ បានធ្វើតេស្តបឋម និងយកគំរូសំណាកមកធ្វើតេស្ត នៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប.ពិតជារកឃើញវត្តមាន សារធាតុគីមីហាម ឃាត់បូរ៉ាក់ក្នុងគំរូពពុះសណ្តែក ទាំងចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម ។ បន្ទាប់មក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន ។

តាមព័ត៌មានទទួលបានពីមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា សារធាតុគីមីហាមឃាត់បូរ៉ាក់ ជាសារធាតុគីមីអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ វាជាសារធាតុគីមីសម្រាប់ ធ្វើឱ្យផលិតផលមានភាពស្វិត ប៉ុន្តែត្រូវបានគេហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យប្រើក្នុងម្ហូបអារហារទេ ហើយបង្កផលប៉ះពាល់ដល់សុខភាព ដូចជាពុលក្រលៀន រលាកក្រពះ និងពោះវៀន ចំពោះមនុស្សចាស់ សារធាតុគីមីប៉ូរ៉ាក ចំនួន ១៥ក្រាម និងសម្រាប់កុមារ ៥ក្រាម អាចបណ្តាលឱ្យក្អួតឈាម និងស្លាប់បាន។

សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុក ដាក់អនុវត្តការងារ តាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាល បានផ្តល់អាណ្តត្តិ ឱ្យលើការងារពាក់ព័ន្ធគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងការការពារអ្នកប្រើប្រាស់ ដោយមន្ត្រីជំនាញ ក.ប.ប. បន្តចុះឃ្លាំពិនិត្យលើទីផ្សារជាប្រចាំ កំណត់បទល្មើស និងចាត់វិធានការ តាមនីតិវិធីច្បាប់ចំពោះអាជីវករ និងអ្នកផលិតណាដែលប្រកបអាជីវកម្ម មិនមានសុច្ចរិតភាព ដែលបង្កជាហានិភ័យដល់សុខមាលភាព ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងសង្គមជាតិ ដោយប្រជាពលរដ្ឋបាត់បងពេលវេលា ថវិកា និងថាមភាព ដោយការបរិភោគអាហារមិនមានសុវត្ថិភាព និងសារធារគីមីហាមឃាត់។

អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវ ឱ្យអាជីវករ និងអ្នកផលិត សូមប្រកបការរកស៊ីទទួលប្រកប ដោយការទទួលខុសត្រូវខ្ពស់ កុំដើម្បីប្រាក់ចំណេញ ធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមអភិវឌ្ឍន៍ សង្គមជាតិ មានភាពរីកចម្រើន តាមរយៈការធានាបាន ដល់អ្នកប្រើប្រាស់ ក្នុងការទទួលបានទំនិញ ជាម្ហូបអាហារប្រកបដោយគុណភាពនិងសុវត្ថិភាព និងមិនមានសារធាតុគីមីហាមឃាត់ ៕

To Top