ព័ត៌មានជាតិ

ពលរដ្ឋ ៨៧គ្រួសារ ស្ម័គ្រចិត្តរុះរើសំណង់ មិនរៀបរយ លើផ្លូវសាធារណៈ

ភ្នំពេញ៖ ក្រោយទទួលបាន ការយល់ព្រម ផ្តល់ជូនដីឡូតិ៍ទំហំ ៤ម គុណ ១៥ម ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈសំណើ របស់បងប្អូនប្រជាពលរដ្ឋ សហគមន៍បន្ទាយស្លឹក ចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈ លេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់ បានស្ម័គ្រចិត្តចូលរួមរុះរើ សំណង់របស់ខ្លួន ជាមួយអាជ្ញាធរ ដោយស្មារតីសហការ និងសប្បាយរីករាយ ។

យោងតាម លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានអោយដឹងថា ក្រោយពីមានការសម្របសម្រួល និងស្ម័គ្រចិត្តបែបនេះ ប្រជាពលរដ្ឋ ទាំង ៨៧ខ្នងផ្ទះ បាននឹងកំពុងធ្វើការ ជាមួយអាជ្ញាធរ ដើម្បីរៀបចំសម្ភារ និងដឹកជញ្ជូន ទៅទីតាំងដីឡូតិ៍ថ្មី ដែលអាជ្ញាធរ រាជធានីភ្នំពេញ បានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅ បណ្តោះអាសន្នមួយរយៈ ក្នុងផ្ទះដែលបានរៀបចំទុកជូន។

ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ក្នុងការផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានដឹកនាំ រៀបចំ ចាត់ចែងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើ ដោយស្ម័គ្រចិត្ត ដែលបងប្អូនប្រជាពលរដ្ឋ ពេញចិត្តទទួលយក៕

To Top
×