ព័ត៌មានជាតិ

ការផ្ដល់អំណោយ មិនចំគោលដៅ មិនដល់ដៃពលរដ្ឋក្រីក្រ ពិតប្រាកដនឹងបង្កើតឲ្យមាន ការឈ្នានីស

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានណែនាំ ដល់មន្ត្រីថ្នាក់មូលដ្ឋាន ត្រូវតែពិនិត្យពិចារណា អោយបានច្បាស់ មុននឹងផ្ដល់អំណោយ ជូនទៅប្រជាពលរដ្ឋក្រីក្រ ដោយសារការផ្ដល់អំណោយ មិនចំគោលដៅ មិនទៅដល់ដៃ ប្រជាពលរដ្ឋក្រីក្រ ពិតប្រាកដ វានឹងខាតបង់ បង្កើតអោយមាន ការឈ្នានីស ។

លោកអភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា “អ្នកដែលវិនិច្ឆ័យ ចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រ វាជាការសម្រេចចិត្ត របស់អស់លោកជាប្រធានភូមិ លោកចៅសង្កាត់ និងក្រុមការងារ នៅថ្នាក់មូលដ្ឋាននេះហើយ។ ដូច្នេះត្រូវពិនិត្យ មើលបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាង ការដាក់សាច់ឈាម សាច់ញាតិខ្លួនឯង ជាប្រជាជាពលរដ្ឋក្រីក្រ ខណៈដែលពួកគាត់ មានជីវភាពសមរម្យហើយនោះ។

លោក ឃួង ស្រេង បន្ថែមថា “វាមិនចំណេញប៉ុន្មានទេ បានលុយ៥០០ ទៅ៦០០ដុល្លារ នារដូវកូវីដ–១៩នេះ តែវាបានបំផ្លាញ កេរ្តិ៍ឈ្មោះខ្លួនឯង និងថ្នាក់លើថែមទៀត ហើយពិសេស ថែមទៀតនោះ គឺបាត់ទំនុកចិត្ត ពីថ្នាក់ដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាតែម្តង” ។

គួរឲ្យដឹងថា ក្រុមការងារ ចុះជួយមូលដ្ឋាន ខណ្ឌព្រៃព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើន នៅក្នុងខែមីនា ឆ្នាំ២០២០កន្លងមកនេះ ដោយបានការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសកម្មភាព ក្នុងការការពារទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ–១៩ និងការចុះជួយ ដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ដែលរងផលប៉ះពាល់ ដោយវិបត្តិកូវីដ–១៩ ដោយបានជួយ ស្ថាបនាផ្លូវចំនួន១២ខ្សែ នៅសង្កាត់ពន្សាំង ចំនួន ៩ខ្សែ មានប្រវែង ៩៩៣៤ ម៉ែត្រ អស់ថវិកា ជាង៣០ម៉ឺនដុល្លារអាមេរិក នៅសង្កាត់ពញ្ញាពន់ មានចំនួន៣ខ្សែ ប្រវែង២២២៧ ម៉ែត្រអស់ថវិកា ចំនួនជាង ៧ម៉ឺនដុល្លារ។

បន្ថែមពីនេះ បានឧបត្ថម្ភអង្ករ ចំនួន១០តោន ដល់ខណ្ឌព្រែកព្នៅ សម្រាប់ទុកជូនប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក នៅក្នុងខណ្ឌ ។ បានឧបត្ថម្ភថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ ទីស្នាក់ការគណបក្ស សង្កាត់គោករកា បានឧបត្ថម្ភអាចម៍ដី ចំនួន១០០០ឡាន ដល់សង្កាត់សំរោង សំរាប់ចាក់បំពេញទីធ្លា សាលាសង្កាត់ និងផ្លូវជាប់សាលាសង្កាត់ បាននាំយកទានព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ទាំង១៨វត្ត ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលបានប្រារព្ធធ្វើនៅក្នុង វត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕

To Top
×