ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ទោះបីខិតខំអភិវឌ្ឍវ៉ាក់សាំង បង្ការកំពុងមានវឌ្ឍនភាព ល្អគួរជាទីសង្ឃឹម តែគ្មាន នរណាដឹងថា ពេលណាជំងឺកូវីដ-១៩ នឹងបញ្ចប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីការខិតខំអភិវឌ្ឍវ៉ាក់ សាំងបង្ការកំពុងមានវឌ្ឍនភាពល្អ គួរជាទីសង្ឃឹម តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នឹងបញ្ចប់ ហើយក៏គ្មានន ណារអាចទស្សន៍ទាយ អំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ របស់សង្គមជាតិនីមួយៗ។

ក្នុងកិច្ចប្រជុំកំពូលកម្មន្ដសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អស់រយៈពេលជាង៩ខែមកហើយ ដែលពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្ករជាវិបត្តិធ្ងន់ធ្ងរ មិនធ្លាប់ មានពីមុនមកលើសង្គម និងសេដ្ឋកិច្ច។ 

សម្ដេចតេជោ មានប្រសាសន៍ថា «ទោះបីការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការ កំពុងមានវឌ្ឍនភាពល្អគួរ ជាទី សង្ឃឹម តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននរណា អាចទស្សន៍ទាយអំពីផលប៉ះពាល់ មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ»។

សម្ដេចតេជោបន្ដថា សកម្មភាពសេដ្ឋកិច្ច និងសង្គមស្ទើរគ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស តាមរយៈវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវបានដាក់ចេញដោយ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា ការបិទប្រទេស និងការរឹតត្បិតដល់ការធ្វើដំណើរជាដើម។

សម្ដេចតេជោ បន្ថែមថា ក្នុងបរិការណ៍នេះ ជីវិតសង្គមជាសកល ត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួលជារចនាសម្ព័ន្ធ ឬ ឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយ ដែលរួមមាន ៖ ការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល ដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និង ច្រវាក់ផលិតកម្មសកល ,ការថមថយលំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និងការធ្លាក់ចុះរំហូរមនុស្ស ,ការធ្លាក់ចុះផលិតភាពសកល និងការកើនឡើងនៃវិសមភាពសង្គម។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានគ្រប់ គ្រងសភាពការណ៍កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លង ជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត។ 

សម្ដេចតេជោ បញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ ចំនួន៥ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម សម្រាប់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕

ដោយ ៖ អេង ប៊ូឆេង

To Top