ព័ត៌មានជាតិ

ក្នុងពិធីបុណ្យកាន់បិណ្ឌ ! ក្រសួងសុខាភិបាល សង្កេតឃើញថា ទីវត្តអារ៉ាមមួយចំនួន អនុវត្តវិធានការសុខាភិបាល តែវត្តមួយចំនួនទៀត មិនទាន់អនុវត្ត

ភ្នំពេញ ៖ ក្នុងពិធីបុណ្យកាន់បិណ្ឌ នាពេលនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានសង្កេតឃើញថា ទីវត្តរ៉ាមមួយចំនួនអនុវត្តវិធានការសុខាភិបាលដោយត្រឹមត្រូវ ប៉ុន្ដែមានវត្តចំនួនទៀត មិនទាន់អនុវត្តវិធានការសុខាភិបាល ដូច្នេះ វត្តអារ៉ាមទាំងអស់ ត្រូវចូលរួមអនុវត្ត វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

សូមជម្រាបថា កាលពីថ្ងៃទី៣១ សីហា ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ឲ្យអភិបាលរាជ ធានី-ខេត្ត និងភាគីពាក់ទាំងអស់ ត្រូវរៀបចំវត្តអារ៉ាមឲ្យមានរបៀបរៀបរយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំនាពេល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ ក្នុងគ្រុបតេឡេក្រាមក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា «យើងសង្កេតឃើញថា នៅតាមបណ្ដាលពីវត្តអារ៉ាមនានា មានវត្តមួយចំនួន លោក និងគណៈកម្មការវត្ត ក៏មានការប្រតិបត្តិបានត្រឹមត្រូវនូវវិធានការសុខាភិបាល។ ក៏ប៉ុន្ដែនៅតាម វត្តអារ៉ាមមួយចំនួន ក៏ដូចជា សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនដែរ លោកមិនទាន់បានអនុ វត្តបានត្រឹមត្រូវ ទៅតាមវិធានការសុខាភិបាលរបស់យើងនេះទេ»។

ដើម្បីឲ្យវត្តអារ៉ាម និងប្រជាពលរដ្ឋ គោរពតាមវិធានការសុខាភិបាល អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋ និងគណៈកម្មការវត្ត ត្រូវចាត់ចែង និងរៀបចំឲ្យបានត្រឹមត្រូវ ចំពោះវិធានការសុខាភិបាល។អ្នកនាំពាក្យ បន្ដថា វិធានការសុខាភិបាល មានភាពភាពងាយស្រួល បំផុតសម្រាប់ប្រជាពលរដ្ឋ និងគណៈកម្មការវត្ត ដើម្បីយកទៅអនុវត្ត។

ជាងនេះទៅទៀត អ្នកនាំពាក្យ ក៏បានក្រើនរំឮក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវវិធានការ ពារខ្លួន ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ តាមរយៈវិធានការងាយៗ នៅពេលទៅវត្ត អារ៉ាមនានា ដោយដាក់ទឹកអាល់កុល ឬជែលសម្លាប់មេរោគតាមខ្លួនឲ្យជាប់ជាប្រចាំ ជាពិសេស ត្រូវមានម៉ាសជាចាំបាច់ ដើម្បីពាក់នៅតាមទីវត្តអារ៉ាម និងរក្សាគម្លាតសុវត្ថិភាព ផងដែរ។

អ្នកនាំពាក្យ ក៏បានស្នើដល់គណៈកម្មការវត្ត ត្រូវចាត់ចែងរៀបចំឲ្យប្រជាពុទ្ធបរិស័ទ អង្គុយឲ្យមានគម្លាត សុវត្ថិភាព ហើយទន្ទឹមនឹងនោះ ក៏ត្រូវពាក់ម៉ាសទាំងអស់គ្នា រួមទាំង ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិ ស័ទ។ 

ឆ្លៀតឱកាសនោះ អ្នកនាំពាក្យ ក្រសួងសុខាភិបាល ក៏បានសណូមពរដល់ប្រជាពលរដ្ឋ ត្រូវចំអិនម្ហូប យកទៅវត្ត ឲ្យបានត្រឹមត្រូវបំផុត។

អ្នកនាំពាក្យ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដើម្បីចៀសវាងពុលចំណីអាហារ ដូច្នេះ ការទុកដាក់នៅចំណីអាហារ សូមឲ្យមានការចាត់ចែងឲ្យបានត្រឹមត្រូវ រក្សាឲ្យបាននៅអនាម័យ សុវត្ថិភាពចំណីអាហារបស់យើង ត្រូវដាក់ដាច់ម្ហូបដោយឡែកពីគ្នា កុំចាក់ម្ហូបចូលគ្នា ដែលធ្វើឲ្យចំណីអាហារឆាប់ខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាព»៕

ដោយ ៖ អេង ប៊ូឆេង

To Top