ព័ត៌មានជាតិ

សម្ដេច ស ខេង សំណូមពរប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាសុវត្ថិភាព ពេលធ្វើដំណើរក្នុងឱកា សបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សា សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលនេះ។

យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច ស ខេង បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលបាន និងកំពុងតែប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋអាចនឹងមានសកម្មភាពធ្វើចរាចរណ៍ ទៅកាន់ទីវត្តអារាម ស្រុកកំណើត និង ដំណើរកម្សាន្តទូទាំងប្រទេសយ៉ាងមមាញឹក ហើយក៏អាចមានកំណើនគ្រោះថ្នាក់ ចរាចរណ៍ផងដែរ។

ដើម្បីទប់ស្កាត់បញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់រក្សាសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសំខាន់ៗ ដូចខាងក្រោម៖

ទី១-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងសុំកុំដំឡើងថ្លៃសំបុត្រធ្វើដំណើរ។

ទី២-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។

ទី៣-អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ។

ទី៤- អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើ ដំណើរជិត ឬ ឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ជួយការពារជីវិត បានម្នាក់ »។

ទី៥- អ្នកបើកបរត្រូវបន្ថយល្បឿនបើកបររបស់ខ្លួនទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល -ល- មូលហេតុចម្បង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺការបើកបរលើសល្បឿនកំណត់។

ទី៦-អ្នកបើកបរមុននឹងវ៉ា ជើង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាពជៀសវាងការ វ៉ា ជើងដោយប្រថុយប្រថាន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ទី៧-អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាព នៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿននៅពេលជិត ដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិ ឲ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ ទៅមុន។

ទី៨- មិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក «បើពិសា គ្រឿងស្រវឹង កុំបើកបរ»។ ស្ថានភាពស្រវឹងនឹងបង្កឲ្យអ្នកបើកបរបាត់ការចងចាំ វង្វេងស្មារតី មិន អាចបញ្ជាយានបានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

និងទី៩- នៅពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញ ទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ឬសម្រួលស្ថានភាពកកស្ទះចរាចរណ៍។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹម និងជឿទុកចិត្ត លើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន ក្នុងការអនុវត្តសេចក្ដីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និង សេចក្ដីសប្បាយរីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ៕

To Top