ព័ត៌មានជាតិ

មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បដិសេធទាំងស្រុង ចំពោះការលើកឡើងថា មានការជីករករ៉ែត្បូង

ភ្នំពេញ ៖ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងថា មានការជីករករ៉ែត្បូង នៅមណ្ឌលគិរី ធ្វើឲ្យបាត់បង់ធនធានធម្មជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ កញ្ញា មានហ្វេសប៊ុកជនជាតិវៀតណាម ឈ្មោះ Gỗ Đá Đăng Tâm បានបង្ហោះពីសកម្មភាពជីកត្បូងថ្ម ហើយ Check in នៅខេត្តមណ្ឌលគិរី។ការបង្ហោះរូបភាព និង Check in នៅខេត្តមណ្ឌលគិរី ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុរសជនជាតិវៀតណាម នោះ ព្រមទាំងរិះគន់អាជ្ញាធរ ផងដែរ។

ក្រោយពីឃើញ ប្រជាពលរដ្ឋខ្មែរប្រតិកម្មបែបនេះ ហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ក៏បានចេញមក កែតម្រូវ និងសំទោសចំពោះការ Check in របស់ខ្លួន ធ្វើឲ្យមានការភ័ន្ដច្រឡំបែបនេះ។បន្ទាប់មកទៀត ហ្វេសប៊ុក ដដែល ក៏បានឲ្យដឹងថា ត្បូងដែលខ្លួនបង្ហោះនោះ នាំមកពីប្រទេស ឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៉ី ជាដើម។

យោងតាមលិខិតបដិសេធរបស់ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ កញ្ញា បាន ឲ្យ ដឹង ថា «សូមធ្វើការបដិសេធទាំងស្រុងថា ចំពោះការជីកករកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទខាងលើនេះ មិនមែនស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរីឡើយ សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិកលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្តសាធារណៈមតិ ឲ្យមានការយល់ច្រឡំ ដែលធ្វើឲ្យបះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញ គ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»។

ទន្ទឹមនឹងនេះដែរមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ក៏បានធ្វើការអំពាវនាវ ដល់ស្ថាប័នមានសមត្ថ កិច្ចគ្រប់ជាន់ថ្នាក់ សូមជួយស្វែងរកជន ដែលមានចរិកលក្ខណៈបំពុលសង្គម ចុះផ្សាយព័ត៌មានមិនពិតនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន៕

To Top