ព័ត៌មានជាតិ

ក្រុមការងារ យន្ដការត្រីភាគីបូក បន្តជួបជជែកលើកទី២ ទៅលើការធ្វើវិសោធនកម្ម ច្បាប់ការងារ

ភ្នំពេញ៖ ក្រុមការងារយន្ដការត្រីភាគីបូក បានមកជួបជុំជាលើកទី២ ដើម្បីជជែកពិភាក្សាបន្ត ទៅលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ក្រោមអធិបតីភាពលោកអ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង បន្តកិច្ចពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ សំដៅ សម្រេចឲ្យបាន នូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមាន ដើម្បីអនុម័តច្បាប់នេះបានមុន ដំណាច់ឆ្នាំ២០២០។

លោក អ៊ិត សំហេង មានប្រសាសន៍ថា ក្រុមការងារ យន្ដការត្រីភាគីបូកនេះ ត្រូវបានបង្កើតឡើង និងបាន រៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។

ដើម្បីជំរុញកិច្ចប្រជុំលើកទី២ ទទួលបានលទ្ធផល ដូចការរំពឹងទុក រដ្ឋមន្ត្រី បានបញ្ជាក់ថា ១. ការកែសម្រួលអត្រាប្រាក់ឈ្នួល ការងារពេលយប់ ដើម្បីបង្កើតនិងបង្កើន ឱកាសការងារកាន់តែសម្បូរណ៍បែប ជូនដល់ប្រជាពលរដ្ឋខ្មែរ និង ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ចំណុចនៃវិសោធនកម្មនេះ មិនប៉ះពាល់ដល់ផលប្រយោជន៍ របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារ ពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នា នោះទេ ដោយហេតុថា ចំណុចនេះអនុវត្ត ចំពោះតែកម្មករនិយោជិត ដែលបំពេញការងារ ពេលយប់ជាប្រចាំតែប៉ុណ្ណោះ ។

លោកថា សហគ្រាសដែលនឹងដំណើរការ ២៤ម៉ោង ត្រូវតែផ្តល់ជូនកម្មករនិយោជិតធ្វើការងារ ពេលយប់ជាប្រចាំនូវ អត្ថប្រយោជន៍បន្ថែម ដែលជាលក្ខខណ្ឌអប្បបរមា និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារចំពោះប្រភេទកម្មករនិយោជិតនេះ ដូចដែលអនុសញ្ញាអន្តរជាតិ ខាងការងារលេខ១៧១ ស្តីពីការងារពេលយប់បានកំណត់។

២. ការលុបការឈប់នៅថ្ងៃ បន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ គឺមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិ ខាងការងារនោះទេ។ ការវិសោធនកម្មនេះមានគោលបំណង ជំរុញផលិតភាពការងារ និងលើកកម្ពស់ការប្រកួតប្រជែង របស់កម្ពុជា ក្នុងការសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជា នៅតែជាប្រទេសមួយ ដែលមានម៉ោងការងារតិចជាង បណ្តាប្រទេសនៅក្នុងតំបន់។

៣. ការពង្រីកវិសាលភាព របស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាលក្នុងការ ដោះស្រាយវិវាទការងារបុគ្គល គឺជាការចូលរួមពង្រឹងប្រសិទ្ធភាព យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ដោយបង្កើតជាជម្រើសដល់ភាគីវិវាទ ក្នុងការជ្រើសរើសយន្តការ ដោះស្រាយវិវាទការងារ ដែលឆ្លើយតបនឹងស្ថានភាព ជាក់ស្តែងរបស់ខ្លួន ។ ការកែសម្រួលនេះ គឺស្របទៅនឹងគោលការណ៍ ជាសកលក្នុងការធ្វើយ៉ាងណា ឲ្យគូភាគីវិវាទឆាប់ទទួលបានយុត្តិធម៌ ៕

To Top