ព័ត៌មានជាតិ

សម្ដេច ស ខេង ចូលរួមបច្ច័យបុណ្យសព គ្រួសារជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ ក្នុងម្នាក់ ៣លានរៀល និងអ្នករបួសម្នាក់ ២លានរៀល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ខេត្តបាត់ដំបង និងព្រៃវែង និងលោកស្រី ញ៉ែម សាខន បានចូលបច្ច័យជូន គ្រួសារសព ចំនួន៨នាក់ ស្លាប់ដោយសារ ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ក្នុងម្នាក់ទទួលបានថវិកា ៣លានរៀល ចំណែកអ្នករបួស៣នាក់ ក្នុងម្នាក់២លានរៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹង ថា សម្ដេច និងលោកស្រី ញ៉ែម សាខន បានសម្ដែងនូវសេចក្ដីក្រៀមក្រំយ៉ាងក្រែលែង និងចូលរួមរំលែ កមរណទុក្ខជាមួយ ក្រុមគ្រួសារសពជនរងគ្រោះទាំង៨រូប ដែលបានស្លាប់ដោយសារ ឧបទ្ទវហេតុគ្រោះ ធម្មជាតិរន្ទះបាញ់ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

ដើម្បីចូលរួមរំលែកនូវសេចក្ដីទុក្ខលំបាក និងសម្រាលនូវបន្ទុកតម្រូវការផ្សេងៗ របស់ក្រុមគ្រួសារជនរង គ្រោះ សម្ដេច ស ខេង និងលោកស្រី តាមរយៈអភិបាលខេត្តបាត់ដំបង បានចូលរួមបច្ច័យបុណ្យសព ជូនក្រុមគ្រួសារជនរងគ្រោះស្លាប់ទាំង៨នាក់ ក្នុងម្នាក់ទទួលបានថវិកា៣លានរៀល។

ដោយឡែកជនរងគ្រោះ ដែលរងរបួស និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៣នាក់ ផ្សេងទៀត សម្ដេច និងលោកស្រី បានឧបត្ថម្ភថវិកាម្នាក់ ចំនួន២លានរៀល។ 

សូមបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានផ្ដាច់យកជីវិតជនរងគ្រោះ ចំនួន៨នាក់ និង៣នាក់ទៀតរងរបួស បានកើតឡើង កាលពីថ្ងៃទី១៧ កញ្ញា នៅឃុំបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះ រួមទាំងញាតិមិត្តមួយចំនួនទៀត កំពុងជួបជុំទទួលទានអាហារ ពេលល្ងាច ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ៕

To Top
×