ភ្នំពេញ ៖ នៅចំពោះមុខ ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋ អាមេរិក-អាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងដើរតួជាកត្តា សំខាន់មួយជួយធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំង ផលិតកម្មថ្មីៗរបស់ខ្លួន។
ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោបានប្រាប់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានថា ទោះបីជាជំងឺ រាតត្បាតកូវីដ-១៩ បាននិងកំពុងបង្កការលំបាកជាច្រើន ដល់កិច្ចដំណើរការ នៃជីវិត សង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿន នៃការងារកំណែទម្រង់ នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។
សម្ដេចតេជោបន្ដថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេស នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាលនោះ កម្ពុជាកំពុងរៀបចំកែលម្អច្បាប់ វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានភាពទាក់ទាញ សម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត ។ សម្ដេចថា ទន្ទឹមនេះដែរ កម្ពុជានឹងចុះកិច្ចព្រះព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយ ជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍» ។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ ជាបន្តបន្ទាប់នូវវិធានការ កែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះ ក្នុង គោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើត បរិយាកាសអំណោយផល ដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស។
សម្ដេចតេជោបន្ថែមថា ជាទិសដៅទៅមុខ កម្ពុជានឹងដាក់ឲ្យអនុវត្តនូវវិធានការ អន្តរាគមន៍សមស្រប និងទាន់ពេល គួបផ្សំនឹងការគិតគូរជាយុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោល នយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលបំណង ជាអាទិភាពចំនួន២ រួមមាន៖ ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕
ដោយ ៖ អេង ប៊ូឆេង