ព័ត៌មានជាតិ

ប្រធានការិយាល័យ ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ និងជាមេធាវី សុំមិនប្រកបវិជ្ជាជីវៈ ស្រវឹងដកកាំភ្លើង គំរាមបាញ់សម្លាប់ ថៅកែហាងគុយទាវ អង្គរជុំ រងការទារជំងឺចិត្ត១០ម៉ឺនដុល្លារ

(វីដេអូ) ប្រធានការិយាល័យ ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ

(វីដេអូ) ប្រធានការិយាល័យ ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ និងជាមេធាវី សុំមិនប្រកបវិជ្ជាជីវៈ ស្រវឹងដកកាំភ្លើង គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋ

បាន​បង្ហោះ​ដោយ DAP News នៅ អង្គារ 22 កញ្ញា 2020

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ និង ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ដែលមានអត្តលេខ៩៩៦ ត្រូវបានម្ចាស់ហាងគុយទាវអង្គរជុំ សាខាទួលគោក ដាក់ពាក្យបណ្តឹងទៅស្ថាប័នធំៗចំនួន៣ គឺ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ប្រធានគណៈមេធាវី នៃព្រះរាជណាចក្រកម្ពុជា ។

ក្នុងពាក្យបណ្តឹង ចុះពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺ ដើមបណ្តឹងលោក ជុយ សុខហេង បានប្តឹងលោក ថ្លាង ភិនរ៉ា ពាក់ព័ន្ធការជេរប្រមាថ និង គំរាមបាញ់សម្លាប់ម្ចាស់ហាងនិងភរិយា កាលពីវេលាថ្ងៃត្រង់ទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចហាងគុយទាវអង្គរជុំ សាខាទួលគោក តែម្តង ។

ក្នុងពាក្យបណ្តឹង បានរៀបរាប់ថា នៅថ្ងៃកើតហេតុម្ចាស់ហាង បានរៀបចំការហូបចុកជុំ ជាមួយមិត្តភក្តិប្រមាណ៨នាក់ ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ ។
លោក ជុយ សុខហេង រៀបរាប់ទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោក ដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុ អនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង ។
ការហូបចុកបានបន្តរហូតដល់ ម៉ោងប្រមាណ២រសៀល មិត្តភក្តិមួយចំនួន បានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណ តែ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុល នៅមុខហាងគុយទាវ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំ ពេលណាក៏បាន ថែមទៀតផង។

នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថា ក្រោយមានការលើកឡើងបែបនេះ លោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។

បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ បានដកកាំភ្លើងពីចង្កេះរួច អាមេបញ្ចូលគ្រាប់ ភ្ជង់ទៅលើរូបលោក និងភរិយា។ លោក សុខហេង បានបន្តថា មិនត្រឹមតែបានដកកាំភ្លើង មកភ្ជង់នោះទេ លោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗ គំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។

ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះ បានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោស លើមន្ត្រីនគរបាលនោះ ធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន៕

To Top
×