ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០បានទទួលជួបពិភាក្សា ការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នៅទីស្តីការក្រសួង ។
ជាកិច្ចស្វាគមន៍ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈលោកឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចជាតិ ។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
លោក Pablo Kang បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សា ការងារ ដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្ត ដែលត្រូវអនុវត្តក្នុងបេសកកម្ម រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត ។
លោកឯកអគ្គរាជទូត បានជម្រាបជូនលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយ របស់រាជរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលអូស្រ្តាលី លោកឯកអគ្គរាជទូត បានសន្យានឹងធ្វើការផ្តល់ជូននូវកម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែលគ្រប់គ្រងធនធានទឹក ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹក នៅកម្ពុជាឲ្យកាន់តែប្រសើរ ។ ទិសដៅបន្តក្រសួងធនធានទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹងពិភាក្សាគ្នា លម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រ ពីរាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ។
សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអូស្រ្តាលី បាន និងកំពុងជួយដល់កម្ពុជា លើគម្រោង ៖ ទី ១) គម្រោង CAVAC ជំហាន ១ (2010-2015) បានអនុវត្តនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ និងទី ២) គម្រោង CAVAC ជំហាន ២ (2016-2021) កំពុងអនុវត្តនៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង ៕








