ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បញ្ជាក់ថាទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារក និងកុមារ នៅគ្រប់កាលៈទេសៈទាំងអស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈ ទាំងអស់ហើយគ្មាន ផលិតផលឬទឹកដោះគោម្សៅផ្សំតាម រូបមន្តណាមួយដែលល្អប្រសើរ ជាងទឹកដោះម្តាយនោះទេ។

សូមជម្រាបថា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានម្តាយមួយចំនួន បានត្អូញត្អែរពីបញ្ហាសុខភាព កូនៗរបស់ពួកគាត់ បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។ ក្នុងចំណោមម្តាយៗ ទាំងនោះ មានម្តាយមួយចំនួន បានបញ្ជាក់ថាកូនៗ របស់ពួកគាត់មានបញ្ហាស្លេកស្លាំង បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅតាមរូបមន្តផ្សំ រួចមកហើយលទ្ធផលពិនិត្យនៅមន្ទីរពេទ្យបានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាកង្វះជាតិដែក។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ថា «សូមបញ្ជាក់ ជូនសាធារណជនថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារកនិងកុមារ នៅគ្រប់កាលៈទេសៈទាំងអស់។ គ្មានផលិតផលណារួមទាំង ទឹកដោះគោម្សៅផ្សំតាម រូបមន្តផង ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។ ទឹកដោះម្តាយ មានផ្ទុករាល់សារជាតិ ចិញ្ចឹមទាំងអស់ ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ នៅក្នុងអំឡុងពេល៦ខែ ដំបូងនៃជីវិតទារក»។

ក្រសួងបន្ដថា សារជាតិចិញ្ចឹមសំខាន់ៗ មាននៅក្នុងទឹកដោះម្តាយ រួមមាន៖ ប្រូតេអ៊ីន ដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍ ការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូស ដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារ ដើម្បីស្តុកថាមពល និងជាតិទឹកដែលជាតម្រូវការចាំបាច់ របស់កុមារជាប្រចាំ។

ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ទឹកដោះម្តាយសំបូរជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ អា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ជាដើម ដែលជាភ្នាក់ងារដ៏សំខាន់ សម្រាប់ការពារកុមារពីជំងឺនានា៕ ដោយ ៖ អេង ប៊ូឆេង

To Top