ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំវិភាគវាយតម្លៃ ភាពតានតឹងប្រកបដោយគ្រោះថ្នាក់ ដែលបង្កឡើងដោយ មហាអំណាចធំៗ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

កិច្ចប្រជុំនេះបានធ្វើការវិភាគ វាយតម្លៃសភាពការណ៍តំបន់ និងអន្តរជាតិដែលគ្របដណ្តប់ ដោយផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាតកូវីដ-១៩ មកលើវិស័យសុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងប្រកបដោយគ្រោះថ្នាក់ ដែលបង្កឡើងដោយការប្រកួតប្រជែង រវាងមហាអំណាចធំៗ។

ផ្តើមចេញពីស្ថានការណ៍នេះ អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងកំណត់ចេញនូវបន្ទាត់នយោបាយ វិធី និងមធ្យោបាយដែលត្រូវចាត់ទុកថា ប្រសើរបំផុត ដើម្បីបន្តការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនយើង ពោលគឺការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងបង្កលក្ខណៈអនុគ្រោះ ដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាព។

កិច្ចប្រជុំក៏បានត្រួតពិនិត្យឡើងវិញ នូវសមិទ្ធផលទាំងឡាយដែលសំរេច បានក្នុងការអនុវត្តការងារធំៗទាំង៥ របស់ក្រសួង ដោយផ្ដោតការយកចិត្តទុកដាក់ ជាពិសេសលើការងារកែទំរង់ផ្ទៃក្នុង រស់រវើក និងស៊ីជំរៅ។ ក្នុងន័យនេះ អង្គប្រជុំបានគូសរំលេចអំពីការប្រឈម និងកាលានុវត្តភាព បណ្តាសម្ពាធទាំងក្នុង និងក្រៅ មកលើការងារប្រចាំថ្ងៃ និងពិភាក្សារិះរកដំណោះស្រាយនានាឆ្លើយតប និងការប្រឈមទាំងនោះ ដើម្បីកែសំរួលបណ្ដាការងារ និងអាទិភាពឲ្យស្របនឹងការវិវត្តន៍ បត់បែននៃសភាពការណ៍ បន្តលើកកំពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារ។

សមាជិកព្រឹទ្ធសភា រដ្ឋសភា និងតំណាងស្ថាប័នដែលមាន ផលប្រយោជន៍ពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងឋានៈជាភ្ញៀវកិត្តិយស៕

To Top