ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត UN លើកទី៧៥​ (វីដេអូ)

សេចក្តីថ្លែងការណ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

សេចក្តីថ្លែងការណ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត UN លើកទី៧៥

បាន​បង្ហោះ​ដោយ DAP News នៅ អាទិត្យ 27 កញ្ញា 2020

ភ្នំពេញ៖ ខាងក្រោមនេះជាខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍ ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លេីកទី៧៥ កាលពីថ្ងៃទី២៦ កញ្ញា។ 

– ឯកឧត្តម វ៉ុលកាន បូសគារ ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ,

– ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ,

– ឯកឧត្តមលោកជំទាវលោកលោកស្រី !

មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុង ប្រវត្តិរបស់អង្គការសហប្រជាជាតិ; ដោយសារមហាសន្និបាតនេះ មិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធ  វីដេអូប៉ុណ្ណោះទេ, ប៉ុន្តែ ប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និង កំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន ។

ជាការពិត, ពិភពលោកកំពុងប្រឈម នឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ, បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នា នៃបញ្ហាជាច្រើន រួមមាន លទ្ធភាពឈានទៅរក សង្រ្គាម ត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល; ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩; ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន; បញ្ហាភេរវកម្មមិនមែនរដ្ឋ; និង ភាពអត់ឃ្លាន, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្ស រាប់លាននាក់រងគ្រោះ ។ល។

ជាងនេះទៅទៀត, អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយ ទៅរក ប្រព័ន្ធពហុ ប៉ូល ដែលត្រូវបានលេចឡើង តាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើង នៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿន ឆ្ពោះទៅជួរមុខនៃនយោបាយតំបន់ ។

ទោះជាយ៉ាងណាក៏ដោយ, ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបញ្ចប់សង្គ្រាមលោក លើកទី ២, ដែលជាព្រឹត្តិការណ៍ គ្រប់គ្នាបំភ្លេចមិនបាន ។ ក្នុងន័យនេះ, យើងត្រូវតែសម្តែងការដឹងគុណ ដល់បិតាស្ថាបនិកនៃអង្គការ សហប្រជាជាតិដែលបានរៀបចំបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ប្រព័ន្ធទំនាក់ទំនងអន្តរជាតិ សម័យទំនើប និង ការចូលរួមជាលក្ខណៈពហុភាគី ប្រកបដោយឧត្តមគតិ ក្នុងការ ជួយសង្គ្រោះមនុស្សជំនាន់ក្រោយៗ ឱ្យរួចផុតពីគ្រោះកំណាចនៃសង្គ្រាម ដែលនាំមកនូវទុក្ខវេទនាដល់មនុស្សជាតិ

នៅក្នុងបរិការណ៍នេះ, ខ្ញុំសូមអនុញ្ញាតលើកឡើងនូវគំនិតផ្ទាល់ខ្លួន លើប្រធានបទមួយចំនួន សម្រាប់ការពិភាក្សានៃ អង្គសន្និបាតរបស់យើង ដូចខាងក្រោម ៖

១-ភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយថ្មីៗ និង ផលប៉ះពាល់ចំពោះពិភពលោក

ស្ថិរភាព និង វិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ, ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរ-ជាតិ បង្កើតឡើងក្នុងឆ្នាំ១៩៤៥ នោះ, កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះ នៃសណ្ដាប់ធ្នាប់នេះ ក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ត្រូវបានគេរំលោភបំពាន និងលែងគោរព ។ ជាងនេះទៅទៀត, និន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ កំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និង វិធានពហុភាគីនិយម ។

ជាការពិត, សព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្ស នូវការចុះខ្សោយនៃប្រព័ន្ធ ត្រួតពិនិត្យអាវុធអន្តរជាតិ និង ការកើនឡើងយ៉ាងស្រួចស្រាល នៃហានិភ័យនុយក្លេអ៊ែរ ។ យើងក៏សង្កេតឃើញមានការ-ផ្លាស់ប្តូរដ៏គួរឱ្យភ័យ ព្រួយនៃគោលនយោបាយ និងលទ្ធិយោធានិយម ឆ្ពោះទៅរកទស្សនៈមួយដែលថា ការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាព របស់ខ្លួនជាទង្វើមួយ ដែលអាចទទួលយកបាន ។ 

តួយ៉ាង, កិច្ចព្រមព្រៀងជាសកល ត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារ យ៉ាងកំរោល, ខណៈ ដែលសំឡេងប្រកបដោយហេតុផល ត្រូវបានគេរារាំងដោយការប្រព្រឹត្តតាមទំនើងចិត្ត តាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគី និង វិធានការចាប់បង្ខំផ្នែកនយោបាយ, សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែប្រទេស មានអំណាចបំផុត តម្កល់ផលប្រយោជន៍ខ្លួន ខ្ពស់ជាងអ្វីៗទាំងអស់ ។

លើសពីនេះទៀត, ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ត្រូវបានគេប្រើប្រាស់ដោយឥតញញើត និង ធ្វើឡើងក្នុងកម្រិតមួយដែលបំផ្លិចបំផ្លាញគោលការណ៍ មូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាអាទិ៍ សិទ្ធិស្វ័យសម្រេច និង អធិបតេយ្យជាតិ ។ ក្នុងបរិបទនេះ, ការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ គឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេងរបស់យើង ។ 

ទន្ទឹមនេះ, លទ្ធភាពនៃការកើតឡើងនូវ “សង្គ្រាមត្រជាក់បែបថ្មី” ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀត ព្រោះថា ប្រទេសកម្ពុជាដ៏តូចមួយនេះ ធ្លាប់បានបង់ថ្លៃយ៉ាងដំណំ ដោយសារជម្លោះសង្គ្រាមត្រជាក់, ការខ្វែងគំនិតគ្នាផ្នែកមនោគមវិជ្ជា និង ការប្រកាន់ឥរិយាបថជាតិនិយមជ្រុល ។ ហេតុនេះ, យើងត្រូវតែច្រានចោលយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងណាមួយ ដែលនាំទៅរកការសាដាននៃប្រវត្តិសាស្រ្ត ។

២-ជំងឺរាតត្បាតកូវីដ-១៩, ការស្ដាសេដ្ឋកិច្ច និងសង្គមឡើងវិញ

ក្នុងប្រវត្តិសាស្ត្រ, យើងពុំធ្លាប់ជួបវិបត្តិសុខាភិបាល ណាដែលបង្កផលប៉ះពាល់ និង ផ្ដល់ផលវិបាក ក្នុងកម្រិតធ្ងន់ធ្ងរបែបនេះទេ ។ទោះបីជាយើងពុំទាន់អាចវាយតម្លៃ បានពេញលេញនៅឡើយ អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក, យើងអាចប្រមើលឃើញបានអំពីយថា ភាពដ៏អាក្រក់នៃការក្ស័យ-ធនផ្នែកធុរកិច្ច និង ការបាត់បង់ការងារដែលបាន កំពុងបង្កផលប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់ ។

ទោះជាយ៉ាងនេះក្ដី, ជំងឺកូវីដ-១៩ បានក្រើនរំលឹកយើងអំពីសាមគ្គីភាពមិនអាចខ្វះបាន ក្នុងការបង្រួបបង្រួមប្រជាជាតិទាំងអស់លើពិភពលោក ។ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញឱ្យបាន ឆាប់រហ័ស, យើងត្រូវតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធដោយត្រូវរួមគ្នា ដោះស្រាយវិបត្តិនេះ តាមរយៈយន្តការស្ថាប័នអន្តរជាតិនានា ដោយឈរលើគោលការណ៍តម្លាភាព និង ប្រសិទ្ធភាព។ 

ពេលនេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវច្រានចោលនូវឥរិយាបថគិតតែពីខ្លួនឯង ឬ អាត្មាអញជាចម្បង ដោយផ្ទុយទាំងស្រុងទៅនឹងគុណតម្លៃ ជាសកលរបស់មនុស្សជាតិ ។ កម្ពុជាបានបង្ហាញពីកាយវិការ មនុស្សធម៌នៅដើមឆ្នាំនេះ ដោយបានអនុញ្ញាតឱ្យ នាវាទេសចរណ៍ MS Westerdam ដែលអណ្ដែតតែលតោលនៅលើផ្ទៃសមុទ្រ គ្មានប្រទេសណាមួយទទួល ចូលសំចតនៅកំពង់ផែរបស់យើង, ដែលការណ៍នេះបានអនុញ្ញាតឱ្យអ្នកដំណើរ និង នាវិក អាចវិលត្រឡប់ទៅប្រទេស របស់ពួកគេវិញបានដោយសុវត្ថិភាព ។

៣-បញ្ហា និងការប្រឈមជាសកល

ឥឡូវនេះ, ខ្ញុំសុំលើកអំពីបញ្ហា និង ការប្រឈមសកលចម្បងៗ ដោយចាប់ផ្ដើមពី ផលប៉ះពាល់នៃ ជំងឺរាតត្បាតទៅលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។

ពិនិត្យលើស្ថានភាព សេដ្ឋកិច្ចសកលលោក ដែលកំពុងតែទទួលរងផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩, ខ្ញុំមានការព្រួយបារម្ភជាពិសេស អំពីផលប៉ះពាល់ ចំពោះធនធានសម្រាប់យកទៅ អនុវត្តលើការងារជាអាទិភាព ដើម្បីសម្រេចបាននូវរបៀបវារៈ នៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ តាមពេលវេលាកំណត់ ដែលប្រការនេះ អាចទាមទារឲ្យយើង ធ្វើការវាយតម្លៃឡើងវិញអំពីលទ្ធភាពនៃការសម្រេចបាននូវបណ្តា គោលដៅដែលត្រូវបានដាក់ចេញកន្លងមក ។

ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏គួរឱ្យបារម្ភខ្លាំងក្លាមួយទៀត ។ ការបំភាយឧស្ម័នកាបូនិកជា សកលប្រចាំឆ្នាំ បានកើនឡើង១,៥% ក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ ។ បរិស្ថានរបស់ភពផែនដី ប្រមាណ ៧៥% ទទួលរងការរេចរិល គួរឱ្យកត់សម្គាល់ដោយសារប្លាស្ទិក, ថ្នាំសម្លាប់សត្វល្អិត, សារធាតុនី-ត្រាត និង លោហៈធាតុធ្ងន់ ។ ជាមួយនឹងស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះ, ក៏គួរកត់សម្គាល់ផងដែរថា ប្រទេសមិនច្រើននោះទេ ដែលបានបំពេញការប្តេជ្ញាចិត្តស្របតាម កិច្ចព្រមព្រៀង COP21 ។

កម្ពុជា គឺជាប្រទេសតូចមួយ ដែលធនធានមានកម្រិត, ប៉ុន្តែ យើងបានខិតខំដោះស្រាយ បញ្ហាជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុ, ទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ, ជាតួយ៉ាង កម្ពុជាបានបំពេញកាតព្វកិច្ចដូចមានចែងក្នុង COP21 ពោលគឺចំណាត់ការដែលយើងបានប្រកាន់យក ចំពោះការប្រែប្រួលអាកាសធាតុ គឺជាសមាសធាតុដ៏សំខាន់មួយ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិរបស់យើង ។ ជាក់-ស្ដែង, យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចូលរួម ចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ឱ្យបានមុនពេលសម័យប្រជុំ COP26 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគ្លាសហ្គោ (Glasgow) ។

៤-បញ្ហាភេរវកម្មមិនមែនរដ្ឋ និង ប្រតិបត្តិការរក្សាសន្តិភាព

ឥឡូវនេះ, ខ្ញុំសូមឆ្លងចូលទៅបញ្ហាសំខាន់ពីរផ្សេងទៀត ដែលពាក់ព័ន្ធនឹងសន្តិភាព និង សន្តិសុខ នោះគឺ បញ្ហាភេរវកម្មមិនមែនរដ្ឋនិង ប្រតិបត្តិការរក្សាសន្តិភាព ។

ខ្ញុំយល់ឃើញថា ការមិនអើពើចំពោះការ គំរាមកំហែងពីភេរវកម្មមិនមែនរដ្ឋ ដោយគ្រាន់តែសង្ឃឹមថា វានឹងរលត់ទៅវិញដោយឯកឯងគឺជា កំហុសដ៏ធ្ងន់ធ្ងរមួយ ។ 

ជាមួយនេះ, យើងក៏ត្រូវទទួលស្គាល់ដែរថា ឫសគល់នៃជម្លោះសាសនាជ្រុលនិយមនេះ មិនទាន់ត្រូវបានដោះស្រាយ នៅឡើយទេ។ ជាការពិត, ភាពជ្រុល-និយមគ្រប់ទម្រង់ មានប្រភពចេញមកពីអយុត្តិធម៌សង្គម ដែលកើតឡើងដោយសារកា ររើសអើងយេនឌ័រ, ភាសា, ពណ៌សម្បុរ, ជំនឿ ឬ ដើមកំណើតជាតិសាសន៍ ។ ជាមួយគ្នានេះ, បញ្ហាក្តៅគគុកផ្សេងទៀត នៅតែបន្តគំរាមកំហែងដល់សន្តិភាព និង សន្តិសុខ នៅតាមតំបន់ជាច្រើនជុំវិញពិភពលោក ។

ក្នុងបរិការណ៍នេះ, កម្ពុជាមានមោទនភាពចំពោះ ការរួមចំណែករក្សាសន្តិភាពពិភពលោក ក្នុងអំឡុងពេល ជាច្រើនឆ្នាំមកនេះ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន, កម្ពុជាមានកងកម្លាំងមួកខៀវជិត ៨០០ នាក់ ដែលក្នុងនោះមាន ១០% គឺជាស្រ្តី កំពុងបំពេញបេសកកម្មនៅស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, ម៉ាលី និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល ។

ក្នុងឱកាសប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ យើងត្រូវផ្តល់កិត្តិយសដល់  ជនក្លាហានទាំងអស់ដែលបានលះបង់ជីវិត រួមទាំងកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានបូជាជីវិត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃ ការចូលរួមចំណែកកសាង ពិភពលោកមួយ កាន់តែល្អប្រសើរ និង ប្រកបដោយសុខ-សន្តិភាព ។ កម្ពុជាបន្តប្តេជ្ញាចិត្តជានិច្ចក្នុងការបន្ត កិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ក្នុងគោលដៅលើក-កម្ពស់សន្តិភាព និង ការអភិវឌ្ឍសម្រាប់គ្រប់ៗគ្នា ។ ជាមួយគ្នានេះ, កម្ពុជាស្នើឱ្យអង្គការសហប្រជាជាតិ ផ្តល់ធនធានសមស្រប និង ការបណ្តុះបណ្តាលជាប្រចាំ នៅមុន និង ក្រោយ ការដាក់ពង្រាយកងកម្លាំង និង ការ-គាំទ្រជាប់លាប់ចំពោះប្រតិបតិ្តការរក្សាសន្តិភាព ដើម្បីបំពេញអាណត្តិអង្គការសហប្រជាជាតិ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។

៥-ការបដិសេធ ចំពោះភាពអយុត្តិធម៌

ក្នុងនាមជាប្រទេសតូចមួយ ដែលស្រលាញ់សន្តិភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ, កម្ពុជាអាចដើរតួនាទីចូលរួមចំណែក របស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានា ដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តប្រកបដោយសមភាព ។ 

គួរឱ្យសោកស្ដាយ,ដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និង របៀបវារៈឱកាសនិយ មលាក់ពុតរបស់ប្រទេសមួយចំនួន, កម្ពុជាត្រូវប្រឈមមុខនឹង ស្តង់ដារទ្វេដែលប្រកបដោយល្បិចកល និង ការសម្រេចចិត្តដែលមានភាព-លម្អៀង និង មានចេតនានយោបាយ ពោលគឺ ភាពអយុត្តិធម៌ ។

រឿងអយុត្តិធម៌នេះ រំលឹកខ្ញុំអំពី “ស្លាកស្នាម” ប្រវត្តិសាស្រ្ត ។ ប្រមាណជាង ៤០ ឆ្នាំមុន, កម្ពុជាត្រូវបាន រំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង ២ លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃ របបដ៏ព្រៃផ្សៃនេះ ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារ ប្រទេសជាតិពីគំនរផេះផង់ ។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្ម ពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈ របស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ ។ រដ្ឋាភិបាលដដែលទាំងនោះ, ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស, គឺជាអ្នកដែលបានរារាំងប្រជាជនយើង ពីការទទួលបានចំណីអាហារ, សុខុមាលភាព, ការអប់រំ, ផ្ទះសម្បែង, ការអភិវឌ្ឍ និងជាពិសេស សុខ-សន្តិភាព, អស់រយៈពេលជាង ១២ ឆ្នាំ ។

ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះ កំពុងប្រឹងប្រែងតស៊ូ ជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ ។ ទោះបីជាយ៉ាងណា, កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង, ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល ៤០ ឆ្នាំកន្លងមកនេះ, ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាពនិង ថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និង ទទួលបាននូវការសាទរពេញទំហឹង ដោយប្រជាជាតិកម្ពុជាទាំងមូលដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និង កំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់, ស្មើភាព និង ស្មើសិទ្ធជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និង សកលលោក ។

ជាទីបញ្ចប់, ខ្ញុំសូមនិយាយចំៗថា ពិភពលោកយើងកំពុងជួបបញ្ហា, ប្រជាជនកំពុងរងទុក្ខវេទនា ហើយភពផែនដីកំពុងតែរងគ្រោះ ។បញ្ហាប្រឈមធំៗ គឺស្ថិតនៅចំពីមុខយើងទាំងអស់គ្នា ហើយមានប្រទេសខ្លះបាននិង កំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ។សរុបសេចក្ដីមក, វាអាស្រ័យទៅលើប្រទេស ដែលមានអំណាច ខ្លាំងក្លាជាងគេបំផុត ក្នុងការបញ្ឈប់ការគំរាមកំហែង ដល់សន្តិភាពពិភពលោក និង ភាពរស់រានរបស់ភពផែនដី ហើយជាមួយគ្នានេះ វាក៏អាស្រ័យទៅលើមហាអំណាចទាំងឡាយ, ទាំងថ្នាក់កំពូល ទាំងថ្នាក់កណ្ដាល, ក្នុងការធ្វើការរួមគ្នាដើម្បីធានាបាននូវសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលឈរលើការគោរពអធិប-តេយ្យគ្នាទៅវិញទៅមក និង សន្តិសហវិជ្ជមាន ៕

To Top