ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលតូចលេខ៧០ ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិន សោធននិវត្តន៍ និងពិការ ចំណុះកងពល បានសម្ដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពល ខេមរភូមិន្ទ ដែលរយៈពេលកន្លងមក បានធ្វើពលិកម្ម យ៉ាងធំធេង ក្នុងបុព្វហេតុ រំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ក្នុងឱនោះដែរ លោកមេបញ្ជាការ កងពលតូចលេខ៧០ ក៏បានលើកឡើងដែរថា យោធិនសោធននិវត្តន៍ និងពិការ បានចូលរួមទប់ស្កាត់ការប៉ុនប៉ង ត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នងនោះ ចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងជាកម្លាំងស្នូល ក្នុងការអនុវត្ត នូវយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព ពេញលេញនៅ កម្ពុជា ក៏ដូចជាបានចូលរួមចំណែក ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ ។
លោកមេបញ្ជាការ បានបន្តទៀតថា ការអនុវត្តគោលនយោបាយ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តន៍នូវគោលនយោបាយ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយការគោរពដឹងគុណ ចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់បងប្អូន ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកចិត្តទុកដាក់ ដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី សម្ភារ: និងថវិកាជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលនេះ យើងបានអនុវត្តន៍ នូវគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើការបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរយស បន្ថែមមួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលបានត្រូវផ្ទេរចេញ ពីក្របខ័ណ្ឌ ក្រសួងការពារជាតិ របស់អង្គភាព ចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោក ក្នុងឆ្នាំ២០២០នេះ មានចំនួនសរុប ២៦រូប នារីចំនួន០១រូប។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋាន កងពលតូចលេខ៧០ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និង បំពាក់គ្រឿងឥស្សរិយយស ជូនយោធិនសោធននិវត្តន៍ និងពិការ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការអញ្ជើញ ចូលរួមពី តំណាងការិយាល័យទី១ កងទ័ពជើងគោក មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះផងដែរ យោធិនសោធននិវត្តន៍ និងពិការចំនួន ២៦នាក់ ក៏បានទទួលថវិកា លើកទឹកចិត្តបន្ថែម ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១,២០០,០០០៛ ក្នុងនោះថវិកា ចំនួន២០០,០០០៛ ជាអំណោយដ៏ថ្លៃថ្លា របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងថវិកា ចំនួន១០០០.០០០៛ ជាអំណោយ របស់បញ្ជាការដ្ឋាន កងពលតូចលេខ៧០ និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត៕