ព័ត៌មានជាតិ

អាល្លឺម៉ង់ផ្ដល់ប្រាក់ ៧លានអឺរ៉ូ បន្ថែមទៀត ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងផលប៉ះពាល់ជំងឺ កូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ ៖ អាល្លឺម៉ង់ បានប្រកាសផ្តល់ប្រាក់ ៧លានអឺរ៉ូ បន្ថែមទៀត ដល់ការឆ្លើយតបជាបន្ទាន់ទៅនឹង ផលប៉ះពាល់នៃជំងឺកូវីដ-១៩។ការផ្ដល់ប្រាក់នេះ ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់រវាង រដ្ឋាភិបាល កម្ពុជា-អាល្លឺម៉ង់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «នៅឯកិច្ចប្រជុំចុងក្រោយ នៃកិច្ចពិគ្រោះយោបល់រវាង រដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់ នាថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២០ ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្រទេសអាល្លឺម៉ង់បានផ្តល់ប្រាក់ ៧លានអឺរ៉ូបន្ថែមទៀត ដល់ការឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺកូវីដ-១៩របស់ប្រទេសកម្ពុជា»។

ស្ថានទូត រៀបរាប់ថា ថវិកាចំនួន៦លានអឺរ៉ូ ពីការផ្តល់ហិរញ្ញប្បទានថ្មីនេះ នឹងត្រូវដាក់ប្រើប្រាស់ទៅ ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ជាពិសេស ការផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល កម្ពុជាដល់ជនក្រីក្រ។

ដោយឡែក ១លានអឺរ៉ូ នឹងត្រូវប្រើប្រាស់ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលជាជំនួយបច្ចេកទេស។ ថវិកាទាំងនេះ នឹងត្រូវប្រើសម្រាប់យុទ្ធនាលើកកម្ពស់ការយល់ដឹង វិធានការអនាម័យ ការបង្កើតមន្ទីរ ពិសោធន៍បង្អែកទី២ និងសម្រាប់ការព្យាបាលបន្ទាន់។

ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបញ្ជាក់ថា វិធានការណ៍ទាំងពីរ នឹងត្រូវអនុវត្តដោយកម្មវិធីកិច្ច សហប្រតិបត្តិការ កម្ពុជា និងអាល្លឺម៉ង់ ដែលមានស្រាប់តាមរយៈទីភ្នាក់ងារ កិច្ចសហប្រតិបត្ត ការអាល្លឺម៉ង់(GIZ)៕

To Top