ព័ត៌មានជាតិ

ជប៉ុន កំពុងពិនិត្យតភ្ជាប់ ជើងហោះហើរ ជប៉ុន-កម្ពុជា ឡើងវិញ បន្ទាប់ពីបានអាក់ខាន ដោយសារកូវីដ-19

ភ្នំពេញ ៖ លោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នា ឡើងវិញនូវជើងហោះហើរ ជប៉ុន-កម្ពុជា បន្ទាប់ពីបានអាក់ខាន ដោយសារកូវីដ-19 កន្លងមកនេះ។

នៅក្នុងពេលជួប សម្តែងការគួរសមជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០លោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ ពីជំហរយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ ។

លោកទូត បានឲ្យដឹង បន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានត្រៀមរួចជាស្រេចដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យសុខាភិបាល ជាដើម ក្នុងនោះជំនួយទឹកប្រាក់ ប្រមាណជា២៥ពាន់យេន គ្រោងនឹងរៀបចំចុះហត្ថលេខា នាពេលខាងមុខនេះ ។

លោកទូតបញ្ជាក់ថា «ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នា ឡើងវិញនូវជើងហោះហើរ ពីជប៉ុនមកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអាក់ខាន ដោយសារកូវីដ-19 មកនេះ ។»

ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកប្រទេសជប៉ុនជាមហាមិត្តរបស់កម្ពុជា ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាល ដែលកម្ពុជា ត្រូវការជំនួយដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស។ ជំនួយដ៏ថ្លៃថ្លារបស់ជប៉ុន បានជួយកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ និងបម្រើដល់ប្រជាជនកម្ពុជាទូទៅ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រៅពីជំនួយលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងការជួយស្តារឡើងវិញវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធផ្លូវគមនាគមន៍ ជប៉ុនគឺជាប្រទេសមួយ ដែលបានជួយជ្រោមជ្រែងស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ដល់កម្ពុជា នឹងបានឈានទៅដល់មានកិច្ចព្រមព្រាងសន្តិភាក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំងបានដំណើរការបោះឆ្នោតនៅឆ្នាំ១៩៩៣ ទៀតផង ។

តាមរយៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកស្រីឧបនាយករដ្ឋមន្រ្តី បានផ្ញើនូវការថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជាព្រោះប្រទេសទាំងពីរ បានភ្ជាប់ចំណងទាក់ទងគ្នា តាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៣មកម្លេះ ។

លោក មីកាមី ម៉ាសាហ៊ិរ៉ូ បានថ្លែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសមួយ ដែលធ្លាប់ជួបប្រទះ នឹងសង្ក្រាម បែកបាក់ មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ពិសេសគឺការរក្សាបានស្ថិរភាព សន្តិភាព និង សន្តិសុខសណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូលនាំមក នូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ។

ចុងបញ្ចប់ លោកស្រី ឧបនាយរដ្ឋមន្រ្តី ម៉ែន សំអន បានសុំឲ្យមានការជួយពង្រឹង កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន ដែលមានបេសកកម្មស្រដៀង និងក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាពិសេស វិស័យអធិការកិច្ច និងទប់ស្កាត់អំពើពុករលួយ តាមរយៈ ផ្លាស់ប្តូរ ទស្សនកិច្ច និងការបណ្តុះបណ្តាល និង សូមជូនពរឯកឧត្តម ឯកអគ្គរាជទូត ប្រកបដោយសុខភាពល្អបរិបូរណ៍ និងជោគជ័យក្នុង បេសកកម្មការទូតរបស់ លោក នៅកម្ពុជា ៕

To Top