ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក បញ្ជាឱ្យបើកទ្វារ ទឹកចំនួន៤ នៅទំនប់ដំណាក់អំពិល ដើម្បីបន្ថយបរិមាណទឹក ក្នុងស្ទឹងពោធិ៍សាត់

ភ្នំពេញ៖ នៅវេលាម៉ោង ២១:០០នាទីយប់ថ្ងៃសុក្រ ៧រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ។

សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញ ក្នុងកំឡុងពេល ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យ ទឹកស្ទឹងពោធិ៍សាត់ បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើសកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់ អស់មួយផ្នែក ។

ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹក ស្ទឹងពោធិ៍សាត់ជន់លិចក្រុង លោករដ្ឋមន្រ្តី បានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក(ទ្វា០៤) នៅសំណង់ស្ទាក់ទឹកដំណាក់ អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹក ស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែក ខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូល ទៅបឹងទន្លេសាប ។

បើតាមស្ថានភាពបន្ថយ បរិមាណទឹកស្ទឹងពោធិ៍សាត់ ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀត នាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិ៍សាត់ នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ ៕

To Top