ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ឆក់យកជីវិតមនុស្ស២នាក់ នៅក្នុងខេត្តបាត់ដំបងនិងបន្ទាយមានជ័យ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារ ខេត្តចំនួន៣ នៅប្រទេសកម្ពុជា គឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ នៅក្នុងចំណោមខេត្តទាំងបីនេះ ជំនន់ទឹកភ្លៀង ក៏បានឆក់យកជីវិតមនុស្ស ក្មេង-ចាស់ ចំនួនពីរនាក់ផងដែរ។

បើតាមមន្រ្តីយោធភូមិភាគទី៥ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មានករណីលង់ទឹកស្លាប់ចំនួនពីរផ្សេងគ្នា ដោយមាននៅក្នុងខេត្តបាត់ដំបងនិងបន្ទាយមនាជ័យ៖

ករណីទី១៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥: ៣០ នាទី មានក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ សាកសពឈ្មោះ ឡុង ប៊ុនពេជ្រ ភេទប្រុស អាយុ 2 ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង ។ សាកសពត្រូវបានឪពុកម្ដាយយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ករណីទី២៖ នៅវរលាម៉ោង ប្រហែល១.០០អាធ្រាត ថ្ងៃទី១០ខែតុលា ឆ្នាំ២០២០ នៅចំនុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ មានប្រជាជនឈ្មោះ លឹម សឿន អាយុ៥៦ឆ្នាំ លង់ទឹកស្លាប់ ដោយជញ្ជូនអង្ករ ចេញពីផ្ទះពេលយប់ ៕

To Top