ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំ ពិភាក្សាលើកទី៣ អាណត្តិទី១ ទាក់ទងទៅនិង របៀបវារៈ ដែលនៅសេសសល់ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា សប្តាហ៍កន្លងទៅ មានរបៀបវារៈចំនួន២ ត្រូវបានក្រុមប្រឹក្សាភិបាល លើកយកមកពិភាក្សា និងអនុមត័រួចហើយ ក្នុងនោះមាន ៖
(១) ត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោម បទបញ្ញត្តិនៃច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ។
ដោយឡែកសំរាប់ របៀបវារៈទី២ស្តីពីសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម និងទី
៣ បញ្ហាផ្សេងៗ ត្រូវបានលើកយកមក ពិភាក្សានៅព្រឹកថ្ងៃអង្គារនេះ ។
ថ្លែងទៅកាន់អង្គពិភាក្សា លោកបណ្ឌិតរដ្ឋមន្រ្តី បានអរគុណដល់សមាជិក ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់ និងអនុវត្តតួនាទីរបស់ខ្លួន បានយ៉ាងល្អទៅតាមអ្វី ដែលអង្គពិភាក្សាបាន ដាក់ចេញកាល ពីសប្តាហ៍កន្លងទៅ ។
លោកបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សា ឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីច្បាប់ស្តីពី របបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណា ឲ្យការអនុវត្ត តាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត ប្រកបដោយចីរភាព ។
គួររំលឹកថា ជារៀងរហូតមកប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយបំផុត ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិតនេះតែម្ដង។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញ ចូលរួមពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាលចំនួន ១០រូប៕