ព័ត៌មានជាតិ

នគរបាលទាំង១៤ខណ្ឌ និងមន្ត្រីអន្តរាគមន៍ទាំងអស់​ ត្រៀមខ្លួនរួចជាស្រេច ដេីម្បីចេញប្រតិបត្តិការជួយ សង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីប្រឈម និងរងគ្រោះ ដោយសារជំនន់ ទឹកភ្លៀង

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ លោក​ ឃួង ស្រេង​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២០​ លោក​ លោកស្រីស្នងការរង​នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤​ និងមន្ត្រីអន្តរាគមន៍ទាំងអស់​ បានត្រៀមខ្លួនរួចជាស្រេច ដេីម្បីចេញប្រតិបត្តិការជួយ សង្គ្រោះប្រជាពលរដ្ឋក្នុងករណីប្រឈម​និងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជាពិសេសទីតាំង ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង នៅស្ទឹងព្រែកត្នោត​ខណ្ឌដង្កោ​ ។

សូមរំលឹកថា គិតមកដល់ពេលនេះ ទំនប់សណ្តរស្ទឹងព្រែកត្នោត បាននឹងកំពុងប្រឈមការបាក់ ដោយសារជំនន់ទឹកភ្លៀង នៅតាមស្ទឹងព្រែកត្នោត ហើយប្រសិនបើសិន មានការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្នប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោត ដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ ដែលបណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់ កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាងកម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រប៉ុណ្ណោះ។

គិតចាំពីពេលថ្ងៃត្រង់មកដល់ពេលនេះ កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់ (ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗហើយ។

ជាការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង លើសណ្តរស្ទឹងព្រែកត្នោតនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top