ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ឧបត្ថម្ភដល់គ្រួសារសព ដែលស្លាប់ដោយជំនន់ទឹកភ្លៀង ចំនួន១០លានរៀល ក្នុងមួយសព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភដល់គ្រួសារសព ដែលស្លាប់ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ចំនួន២០នាក់ ដោយក្នុង អ្នកស្លាប់ម្នាក់ ទទួលបានថវិកាចំនួន១០លានរៀល។ នេះបើយោងតាមAKP ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត បានឧបត្ថម្ភថវិកាដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងលើកទី១ ចំនួន១០ម៉ឺនដុល្លារអាម៉េរិក និងលើកទី២ចំនួន១០ម៉ឺនដុល្លារអាម៉េរិក បន្ថែមទៀត(សរុបចំនួន២០ម៉ឺនដុល្លារអាម៉េរិក ) ។

គួរបញ្ជាក់ដែរថា ជំនន់ទឹកភ្លៀងចាប់តាំងពី ថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះបានបណ្តាលឱ្យមនុស្ស២០នាក់ ហើយបានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋ ជាង២៤ម៉ឺននាក់ ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលចេញផ្សាយនាល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ បានឱ្យដឹងថាជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់១៩រាជធានី -ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ ។ រាជធានី-ខេត្ត ប៉ះពាល់នេះរួមមាន រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ ។

របាយការណ៍ដដែល បានឱ្យដឹងដែរថាទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត៨ពាន់ គ្រួសារស្មើនឹងជិត៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ។ ជំនន់ទឹកភ្លៀងក៏បានធ្វើប៉ះពាល់ផ្ទះជិត៦ម៉ឺន ខ្នងខូចខាត៥៦ខ្នង លិចសាលារៀន៤៥៩កន្លែង លិចស្រូវជិត១៧ម៉ឺនហិកតា ខូចខាតជាង៣ម៉ឺនហិកតា ដំណាំរួមផ្សំលិចទឹកជាង៧ ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា ។

ទន្ទឹមនឹងនេះដែរ ជំនន់ទឹកភ្លៀងនេះ ក៏ធ្វើឱ្យប៉ះពាល់ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤ គីឡូម៉ែត្រ ផ្លូវលំជនបទ១ ៤៥៩ គីឡូម៉ែត្រ ។ លិចស្ពាន២៤កន្លែង ប៉ះពាល់ទំនប់ជាង២២គីឡូម៉ែត្រ ប្រឡាយទឹកជាង៣០០គីឡូម៉ែត្រ និង ប៉ះពាល់ច្រាំងទន្លេ ៤១០ ម៉ែត្រ ៕

To Top
×