Covid-19

ក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថ្មី និងគ្មានករណីជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានឱ្យដឹងថាក្រសួងបាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមថ្មី ទៀត ខណៈមិនមាករណីជាសះស្បើយនោះទេ ។

ក្រសួងបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០២នាក់រួមមាន៖ បុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសទាំងពីរនាក់នេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ពួកគាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺទាំង២ សរុបមានចំនួន៣៩នាក់ (ស្រី០៧នាក់) ដែលក្នុងចំនួននេះ មានអ្នកជំងឺ ០២នាក់ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន៣៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោចិនតុងចំនួន១១នាក់ និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន ២៨នាក់។

សូមបញ្ជាក់ថា គិតត្រឹថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន២៩០នាក់ (ស្ត្រី ៥៩នាក់ និងបុរស ២៣១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៨៣នាក់ និង អ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន០៧នាក់៕

To Top