ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការ សាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប ខេត្ត សៀមរាប ត្រូវបានបែងចែកជា៤ប្រភេទ។
នេះជាការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំត្រៀមរៀប ចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួល បន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យសិក្សាលម្អិតលក្ខណៈ បច្ចេកទេសផ្លូវ ដោយបានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាពដែល ត្រូវសាងសង់ប្រវែងសរុបចំនួន១០៨គីឡូម៉ែត្រ ។ ក្នុងនោះបាន ពិភាក្សាលម្អិតលើការងារបច្ចេកទេសជាមួយអង្គភាពទទួលសាងសង់តម្រូវឲ្យអនុវត្តតាមលក្ខខណ្ឌនៃស្តង់ដារ បច្ចេកទេស។
លោកបន្ដថា អង្គភាពទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការខេត្តសៀមរាប។
លោកថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបាន បែងចែកជា៤ប្រភេទរួមមាន ៖ ប្រភេទទី១- ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រ ដូចជា ផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC) ,ប្រភេទទី២- ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧ សង់ទីម៉ែត្រ ,ប្រភេទទី៣ -ជួសជុលគ្រឹះមិនចាំបាច់ចាក់ បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុង ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់។
ផ្លូវនេះនឹងរៀបចំពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕