ភ្នំពេញ៖បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកាមានវិជ្ជមាន កូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីរូបគាត់ចាកចេញពីកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងក្រុមអង្គរក្ស ១៨នាក់ ត្រូវបានធ្វើតេស្តបញ្ជាក់ថា
អវិជ្ជមាន ទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩ នោះទេប៉ុន្តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យសម្ដេចរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៤ វិច្ឆិកានេះថា” គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា
នៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមុិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរ សរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ”។
សម្ដេចតេជោបានសរសេរបន្ថែមថា”ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាង ទៅចែកជំនួស។សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។សូមអធ្យាស្រ័យពីសំណាក់ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួម ពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ”។
សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់បន្តថា”ទោះត្រូវអាក់ខានចេញពីផ្ទះ ដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក ១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា របស់រាជរដ្ឋាភិបាលបានដដែល។សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ នៅតែអាចរាយការណ៏ឬសុំយោបល់ខ្ញុំបានដដែល។ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែល គ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។ខ្ញុំសូមអរគុណចំពោះ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបារម្ភពីសុខភាពខ្ញុំនិង ជូនពរដល់ខ្ញុំ”៕