ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សា​ ដែលមានបុគ្គលិក ប្រាស្រ័យទាក់ទងជាមួយ ប្រតិភូហុងគ្រី ត្រូវផ្អាកដំណើរការ សិក្សា ១៤ថ្ងៃ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកប្រា ស្រ័យទាក់ទងផ្ទាល់ នឹងគណៈប្រតិភូប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សា រយៈពេល១៤ថ្ងៃ ហើយត្រូវបន្តការបង្រៀន និងរៀន តាមរយៈប្រព័ន្ធអនឡាញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួន ដូចខាងក្រោម៖

ទី១-គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ថ្ងៃ។

ទី២- សាស្ដ្រាចារ្យ បុគ្គលិក សិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈ ប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មក ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី៣-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និង បន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល។

និងទី៤-គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន៕

ដោយ ៖ អេង ប៊ូឆេង

To Top