ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ណែនាំ មន្ទីរសាធារណការ រាជធានី-ខេត្ត ត្រូវអនុវត្តការងារជាប្រចាំ ក្នុងការចុះ បិទជង្ហុកសំបុកមាន់ ដោយមិនត្រូវរង់ចាំថវិកាពិសេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ មន្ទីរសាធារ ណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ត្រូវអនុវត្តការងាររបស់ខ្លួនជាប្រចាំ ក្នុងចុះបិទជង្ហុកសំបុកមាន់  ដោយមិនត្រូវរង់ចាំថវិកាពិសេស ឬទុកផ្លូវនោះចោលបង្កការលំបាកដល់អ្នកធ្វើដំណើរឡើយ។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ រាជ រដ្ឋាភិបាលកម្ពុជា នៅតែគិត គូរ និងយកចិត្តទុកដាក់បំលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗ រាជរដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនា ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប។

លោកបញ្ជាក់យ៉ាងដូច្នេះថា «សូមធ្វើការណែនាំឲ្យក្រុមការងារបច្ចេកទេស ក៏ដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំងប្រទេស ត្រូវអនុវត្តការងាររបស់ខ្លួនជាប្រចាំទាក់ទងនឹងការចុះបិតជង្ហុកសំបុកមាន់  ដោយមិនត្រូវ រង់ចាំថវិកាពិសេស ឬទុកផ្លូវនោះចោលបង្កការលំបាកដល់ការធ្វើដំណើរឡើយ ប៉ុន្តែត្រូវយកថវិកាដែល ក្រសួងមានសម្រាប់ជួសជុលថែទាំ ឬត្រូវយកថវិកាបន្ទាន់ ដើម្បីសម្រួលដល់ការតភ្ជាប់ឲ្យបាននូវផ្លូវដែល ត្រូវទឹកជំនន់ហូរកាត់ផ្តាច់កន្លងមក»។

ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល ក៏បានស្នើឲ្យអង្គភាពទទួលការងារជួសជុលថែទាំ និងសាង សង់ផ្លូវថ្នល់ ផ្តល់សម្ភារៈឲ្យបានគ្រប់គ្រាន់ ដូចជា៖ ស្បែកជើង មួកសុវត្ថិភាព អាវ និងស្រោមដៃជូនដល់ បុគ្គលិកកម្មករទាំងឡាយ ដែលបំពេញការងារជួសជុលថែទាំផ្លូវ ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្នូរ សាកសម ជាបុគ្គលិកកម្មកររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ បានឲ្យដឹងថា ក្រសួងបានបែង ចែកក្រុមការងារ បច្ចេកទេសចុះទៅសិក្សាវាយតម្លៃផលប៉ះពាល់ពីគ្រោះទឹកជំនន់ លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ ដើម្បីធ្វើបញ្ជីប៉ាន់តម្លៃជាក់ស្តែង និងដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើ សុំថវិកាជួសជុល ក្នុងគោលបំណងសម្រួលដល់ ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

ដោយ ៖ អេង ប៊ូឆេង

To Top