ស្វាយរៀង៖មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យឹម ធី ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាកូន ក្រោយផឹកស្រាស្រវឹង បានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿង វាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ ៦៩ឆ្នាំ ចំក្បាល បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ១៩:១០នាទី នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការ ជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួនជនសង្ស័យ អោយទាល់តែបាន។
ក្រោយទទួលបានបទបញ្ជា កងកម្លាំងទាំងអស់ បានតាមរកជនសង្ស័យ រហូតដល់ម៉ោង ០៦:៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យ ដែលជាកូនតិរច្ឆាននោះបាន នៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕