ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បង្ក្រាបចោរលួចម៉ូតូម្នាក់ នៅក្រុងស្វាយរៀង

ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានធ្វើការចុះបង្ក្រាបជនសង្ស័យ លួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចាប់ឃាត់ខ្លួនបានម្នាក់ ដើម្បីយកមកសាកសួរ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីលួចម៉ូតូមួយ កើតឡើងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង ០៧ និង ០០នាទី បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ សុខ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាកZoomer X សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខ ស្វាយរៀង 1F-1983 របស់ឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ផ្ទះ ស្រែកអោយប្រជាពលរដ្ឋនៅក្បែរនោះ ជួយជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍ មកនគរបាលជួយអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ បានចេញដេញតាមជនសង្ស័យ រហូតដល់ត្រង់ចំណុច ខាងមុខអតីតបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័យក៏ផ្តួលម៉ូតូចោល ររួចរត់ចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចយើង ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅការិយាល័យជំនាញខេត្ត ចាត់ការតាមច្បាប់៕

To Top